អាមេរិកៈ ទីក្រុងហ៊ូស្តុនរបស់សហរដ្ឋអាមេរិក បានប្រកាសបម្រាមគោចរពេលយប់ សម្រាប់ប្រជាពលរដ្ឋ ខណៈដែលប្រទេសខ្លួន កំពុងប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ ដោយសារព្យុះ Hurvey ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
ព្យុះ Hurvey បានពាំនាំនូវទឹកភ្លៀងធ្លាក់យ៉ាងច្រើន បង្កឲ្យជន់លិចនៅតាមតំបន់ធំៗនានារបស់ទីក្រុងហ៊ូស្តុន ក្នុងរដ្ឋតិចសាស ខណៈផ្ទះសម្បែងជាច្រើនខ្នង ត្រូវបានបំផ្លាញ និងយ៉ាងហោចណាស់មានមនុស្ស ១៥ នាក់បានស្លាប់ផងដែរ។
អភិបាលទីក្រុងហ៊ូស្តុន លោក Sylvester Turner បាននិយាយថា បម្រាមគោចរនេះ ត្រូវការអនុវត្តវាទ្បើង ដើម្បីទប់ស្កាត់ និងបញ្ឈប់ករណីចោរលួច និងប្លន់ជាដើម នៅក្នុងទីក្រុងដ៏ធំបំផុតទីបួនរបស់អាមេរិកនេះ។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក ដូណាល ត្រាំ ក៏បានធ្វើទស្សនកិច្ចនៅរដ្ឋតិចសាស់ផងដែរ ដើម្បីវាយតម្លៃអំពីការខូចខាត ដោយសារព្យុះនេះ។
គួរបញ្ជាក់ថា បម្រាមគោចរនឹងត្រូវអនុវត្តចាប់ពីម៉ោង ០០:០០ ដល់ ០៥ ទៀបភ្លឺ (ម៉ោងនៅក្នុងស្រុក) ខណៈវាមិនទាន់ត្រូវបានគេកំណត់សពលភាពនៅទ្បើយទេ៕
មតិយោបល់