ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន កំពុងចង់ឲ្យមានសង្រ្គាមផ្ទុះទ្បើយហើយ

អាមេរិកៈ ប្រេសិតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងព្យាយាមចង់ឲ្យមានសង្រ្គាមផ្ទុះទ្បើងហើយ បន្ទាប់ពីការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរចុងក្រោយ ដ៏មានឥទ្ធិពលបំផុតនោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងញូវយ៉ក លោកស្រី Nikki Haley បាននិយាយថា «អាមេរិកមិនចង់ឲ្យមានសង្រ្គាមនោះទេ ​តែការអត់ធ្មត់របស់ខ្លួន គឺមានដែនកំណត់ ហេតុដូច្នេះ អាមេរិកត្រូវការដាក់ចេញនូវដំណោះស្រាយថ្មីមួយ របស់អង្គការសហប្រជាជាតិ ក្នុងពេលឆាប់ៗ ដើម្បីពង្រឹងទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រទេសចិនដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង បានអំពាវនាវឲ្យមានការចរចាឡើងវិញ ហើយប្រទេសស្វីស នឹងធ្វើជាអ្នកសម្របសម្រួល ក្នុងការដោះស្រាយជម្លោះនេះ។

សូមជំរាបថា កាលពីថ្ងៃច័ន្ទ កូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីល ដោយវាយប្រហារទៅកាន់តំបន់ ធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ទាប់ពីរបាយការណ៍ជាច្រើន បានលើកឡើងថា ក្រុងព្យុងយ៉ាង កំពុងរៀបចំការបាញ់មីស៊ីលថ្មីមួយទៀត៕

មតិយោបល់