ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មថ្មី បង្កកទ្រព្យសម្បត្តិលោក គីម ជុងអ៊ុន ជាការឆ្លើយតបនឹងតេស្តអាវុធនុយក្លេអ៊ែរលើកទី៦

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ចេញនូវទណ្ឌកម្មថ្មីៗ ជាច្រើនប្រឆាំងនឹង ទីក្រុងព្យុងយ៉ាង ដោយរួមទាំងហាមឃាត់ការនាំចេញប្រេង និងការបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៀតផង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

ទណ្ឌកម្មថ្មីនេះ ត្រូវបានព្រាងសេចក្ដីសម្រេច ដោយអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងការសាកល្បង អាវុធនុយក្លេអ៊ែរចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង ដែលវានឹងត្រូវធ្វើការពិចារណា ពីសំណាក់សមាជិក នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សេចក្តីព្រាងនេះ បានអំពាវនាវឲ្យមានការហាមប្រាមដល់បណ្ដាប្រទេសខាងក្រៅ ផ្ដល់ការផ្គត់ផ្គង់ និងទិញផលិតផលប្រេងពីកូរ៉េខាងជើង ហើយក្នុងនោះទ្រព្យសម្បត្តិរបស់លោក គីម ក៏នឹងត្រូវបានគេបង្កកលែងឲ្យមានដំណើរផងដែរ។

សូមជំរាបថា វិធានការចុងក្រោយនេះ បានធ្វើទ្បើងក្នុងគោលបំណង ​ដើម្បីពង្រឹងការប្រឆាំងនឹងរបបមួយនេះ ទៅលើកម្មវិធីអាវុធ និងការធ្វើតេស្តនុយក្លេអ៊ែរនាពេលថ្មីៗ របស់ខ្លួន ដែលត្រូវបានគេមើលឃើញថា កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕

មតិយោបល់