កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើង បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ដោយមិនតម្រូវឲ្យមានលក្ខខណ្ឌណាមួយ ជាថ្នូរនឹងការបោះបង់វាទ្បើយ ខណៈដែលក្រុងវ៉ាស៊ីនតោន នៅតែមានការប្រុងប្រយ័ត្ន និងបានធ្វើការប្ដេជ្ញាបន្តដាក់សម្ពាធជាអតិបរមា ទៅលើទីក្រុងព្យុងយ៉ាង។ នេះបើយផងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។
មេដឹកនាំកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា កិច្ចព្រមព្រៀងអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ ក្នុងគោលបំណងបង្កើតរបបសន្តិភាព និងការធ្វើឲ្យមានភាពប្រក្រតីនូវទំនាក់ទំនងរវាងកូរ៉េ និងអាមេរិក ប្រាកដជាអាចឈានទៅរកកិច្ចប្រជុំកំពូល សម្រាប់កូរ៉េទាំងពីរនៅសប្តាហ៍ក្រោយ ក៏ដូចជាកិច្ចប្រជុំកំពូលមួយ រវាងកូមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាក់ជាមិនខាន។
តែយ៉ាងណាមិញលោក ត្រាំ បានប្រកាសថា ខ្លួននឹងមិនចូលរួម ឬអាចដើរចេញពីកិច្ចប្រជុំកំពូល ជាមួយនឹងលោក គីម ជុងអ៊ុន ភ្លាមៗផងដែរ បើសិនកិច្ចប្រជុំនោះ មិនទទួលបានលទ្ធផលផ្លែផ្កា៕
មតិយោបល់