ព័ត៌មានអន្តរជាតិ

ទីតាំងសាកល្បងនុយក្លេអ៊ែរកូរ៉េខាងជើង មួយផ្នែកបានបាក់រលំ

ចិន: កន្លែងសាកល្បងនុយក្លេអ៊ែរក្រោមដី របស់កូរ៉េខាងជើង បានដួលរលំផ្នែកខ្លះៗ បន្ទាប់ពីការផ្ទុះគ្រាប់បែកដ៏ធំមួយ កាលពីឆ្នាំមុន ដែលធ្វើឲ្យវាមិនអាចប្រើការតទៅទៀតបានទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសកាលពីសប្តាហ៍មុនថា របបរបស់លោក នឹងបញ្ឈប់ការសាកល្បងមីស៊ីលរយ:ចម្ងាយឆ្ងាយ រួមទាំងបិទទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួន នៅឯទីក្រុង Punggye-ri ស្ថិតខាងក្រោមភ្នំ Mantap ភាគខាងជើងនៃប្រទេស។

ការប្រកាសផ្អាកនេះ បានធ្វើឡើងប៉ុន្មានថ្ងៃមុនជំនួបកំពូល របស់លោក គីម នៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងកិច្ចប្រជុំកំពូលមួយទៀត ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខាងមុខ។

សូមជំរាបថា កូរ៉េខាងជើង បានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួនប្រាំដង នៅក្នុងតំបន់នោះ ដោយការផ្ទុះដ៏ធំបំផុត កាលពីខែកញ្ញាកន្លងទៅ បានធ្វើឲ្យមានការរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ នៅតាមតំបន់ព្រំដែនភាគខាងជើង ជាមួយប្រទេសចិន ខណ:កូរ៉េខាងជើង បានអះអាងថា ខ្លួនបានសាកល្បងគ្រាប់បែកអ៊ីដ្រូសែនមួយ៕

មតិយោបល់