កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមិថុនាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨។
វិមាន Blue House បានឲ្យដឹងថា វានឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ប្រទេសរុស្ស៊ី មិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩៩ ដោយមេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីបញ្ហានានាដូចជា ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
ប្រភពដដែលបានបន្ថែមថា ក្រុងសេអ៊ូលរំពឹងថា សម្រាប់កិច្ចប្រជុំជាមួយប្រធានាធិបតីលោក ពូទីន លើកនេះនឹងក្លាយជាឱកាសមួយ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងនាំទៅរកសន្តិភាព ប្រកបដោយការអភិវឌ្ឍនៅលើឧបទ្វីបកូរ៉េ៕
មតិយោបល់