ព័ត៌មានអន្តរជាតិ

បេសកពិសេសអាមេរិក លោក Stephen Biegun បង្ហាញជំហរសន្យារបស់កូរ៉េខាងជើង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ

អាមេរិកៈ ប្រេសិតពិសេសអាមេរិក បាននិយាយថា កូរ៉េខាងជើង បានសន្យាថា នឹងបំផ្លាញមូលដ្ឋានសម្ភារៈនុយក្លេអ៊ែរទាំងអស់របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Stephen Biegun បាននិយាយថា លោកគ្រោងនឹងពិភាក្សាគ្នា អំពីវិធានការដែលសមស្រប ដែលអាចឲ្យអាមេរិក ធ្វើការរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។

ហេតុដូច្នោះហើយជំហានដំបូងអាមេរិក នឹងត្រូវការយល់ដឹងឲ្យបានពេញលេញ អំពីកម្មវិធីអាវុធរបស់ក្រុងព្រុងយ៉ាង។

ការលើកទ្បើងនេះ បន្ទាប់ពីទំនាក់ទំនងកន្លងមក រួមទាំងការថ្លែងថ្មីៗ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសទាំងពីរ បានបង្កើតនូវភាពរីកចម្រើនជាមួយគ្នាខ្លាំងទ្បើង។

ដោយនៅក្នុងការិយាល័យ Oval លោកប្រធានាធិបតី បាននិយាយថា លោកនឹងប្រកាសពីកាលបរិច្ឆេទ និងទីតាំងនៃកិច្ចប្រជុំកំពូលលើកទី២ ដែលបានគ្រោងទុក ជាមួយភាគីកូរ៉េខាងជើងលោក គីម ជុងអ៊ុន នាពេលខាងមុខ។

សូមជំរាបថា មេដឹកនាំទាំងពីរ បានជួបគ្នានៅប្រទេសសិង្ហបុរី កាលពីឆ្នាំមុន ដែលជាកិច្ចប្រជុំលើកដំបូង រវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង៕

មតិយោបល់