ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ ការបាញ់មីស៊ីលរបស់ខ្លួន គឺជាការព្រមានដ៏មុតមាំចំពោះកូរ៉េខាងត្បូង

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅសុក្រនេះ បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យ ចំពោះអាវុធដែលទើបធ្វើតេស្តថ្មីៗ កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា នេះជាការព្រមានមួយដល់កូរ៉េខាងត្បូង ឱ្យបញ្ឈប់ការនាំចូលអាវុធ និងធ្វើសមយុទ្ធយោធារួមគ្នា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

កូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ កាលពីថ្ងៃព្រហស្បតិ៍ ដោយមន្ត្រីកូរ៉េខាងត្បូង បាននិយាយថា ការសាកល្បងមីស៊ីលលើកដំបងរបស់ពួកគេ បានធ្វើទ្បើងចាប់តាំងពីលោក គីម និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នា ធ្វើឲ្យមានកិច្ចចរចានុយក្លេអ៊ែរឡើងវិញ កាលពីខែមុន។

យោងតាមទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង បាននិយាយថា «យើងមិនអាចបញ្ឈប់ពួកគេ (កូរ៉េខាងត្បូង) ប៉ុន្តែអាចអភិវឌ្ឍប្រព័ន្ធអាវុធ ដែលមានអំណាចខ្លាំងក្លា ដើម្បីលុបបំបាត់សក្តានុពល និងការគំរាមកំហែងដោយផ្ទាល់ ចំពោះសន្តិសុខជាតិ ដែលមាននៅភាគខាងត្បូងប្រទេស»។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសអាមេរិក បានទទូចដល់ក្រុងព្យុងយ៉ាង ឱ្យបញ្ឈប់ការបង្កហេតុថែមទៀត ហើយសង្ឃឹមថា នឹងបន្តកិច្ចចរចា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរខាងមុខ៕

មតិយោបល់