ព័ត៌មានអន្តរជាតិ

ទំនប់ប្រទាក់ក្រឡា ត្រូវបានបិទភ្ជិតទាំងស្រុង ដោយទទួលជោគជ័យ

កំពតៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានចុះផ្សាយ វិវឌ្ឍនភាពនៃការងារអន្តរាគមន៍ទប់ទឹកកូនសត្វ ឬប្រទាក់ក្រឡា គិតមកទល់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ទំនប់នឹងត្រូវបិទភ្ជិតទទួលបានជោគជ័យ ក្រោមកិច្ចខិតខំប្រឹងប្រែងបញ្ជាផ្ទាល់នៅនឹងកន្លែងរបស់ លោកបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមានការសហការបានយ៉ាងល្អពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ។

សូមបញ្ជាក់ជូនថា អន្តរាគមន៍បានដំណើរការ គ្មានឈប់សម្រាកទល់ភ្លឺ តាំងពីល្ងាចម្សិលថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ មក បច្ចុប្បន្នកំពុងឈានដល់ជំហាននៃការពង្រឹង ទំនប់អាងទឹកកូនសត្វ កន្លែងដាច់ឲ្យបានរឹងមាំល្អ ដើម្បីទទួលរបាយទឹកភ្លៀង ដែលធ្លាក់មកឡើងវិញ ស្តុកទុកនៅក្នុងអាងទឹកធានា ដល់ការប្រើប្រាស់បម្រើដល់ការស្រោចស្រព និងការផ្គត់ផ្គង់ ទឹកស្អាត របស់បងប្អូនប្រជាពលរដ្ឋ ។

លោកបណ្ឌិត ស៊ិន វុទ្ធី ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ ដោយឃើញការខិតខំរបស់ក្រុមការងារ អាជ្ញាធរដែនដី ថ្នាក់ខេត្តទាំងពីរ គឺលោកអភិបាលខេត្តកែប និងអភិបាលខេត្តកំពត ពិសេសពីសំណាក់ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅទំនប់ប្រទាក់ក្រឡានៅ ស្រុកទឹកឈូនេះ៕

មតិយោបល់