ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង បញ្ជាឱ្យកម្ទេចរមណីយដ្ឋាន ដែលសាងសង់ដោយកូរ៉េខាងត្បូង

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់ទៅលើការអភិវឌ្ឍ ទីតាំងទេសចរណ៍ដ៏សំខាន់មួយ ជាមួយកូរ៉េខាងត្បូងថា មើលទៅអាក្រក់ខ្លាំងណាស់ និងបានបញ្ជាឱ្យកម្ទេចចោល ដោយសារវាបានបង្ហាញយ៉ាងច្បាស់ពីភាពសោះកក្រោះ នូវទំនាក់ទំនងរវាងក្រុងព្យុងយ៉ាង និងសេអ៊ូល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

រមណីយដ្ឋានទេសចរណ៍មួយ ស្ថិតនៅភាគខាងជើងនៃប្រទេស ត្រូវបានសាងសង់ទ្បើង ដោយក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Asan នៅលើភ្នំ Kumgang ដ៏ស្រស់ស្អាតបំផុត នៃឧបទ្វីបមួយនេះ ដោយវាបានទាក់ទាញ ភ្ញៀវទេសចរកូរ៉េខាងត្បូងរាប់ពាន់នាក់ ចូលមកទស្សនាកម្សាន្ត។

ប៉ុន្តែដំណើរទេសចរណ៍ ទៅកាន់តំបន់ខាងលើ បានប្រែក្លាយជាសោះកក្រោះ កាលពីឆ្នាំ ២០០៨ បន្ទាប់ពីទាហានកូរ៉េខាងជើងម្នាក់ បានបាញ់សម្លាប់ អ្នកទេសចរកូរ៉េខាងត្បូង ដែលវង្វេងផ្លូវ បានធ្វើដំណើរហួសដែនកំណត់ ជាហេតុផលនាំឲ្យទីក្រុងសេអ៊ូល សម្រេចចិត្តផ្អាកដំណើរ ទេសចរចូលទៅកាន់ តំបន់នោះ។

យ៉ាងណាមិញក្រុងព្យុងយ៉ាង ត្រូវបានគេដឹងថា មានបំណងចង់បើកដំណើរការតំបន់ ដែលរកប្រាក់ចំណូលបានយ៉ាងច្រើននេះទ្បើងវិញ ជាយូរមកហើយ ប៉ុន្តែការដំណើរការវា នៅពេលនេះ នឹងរំលោភលើទណ្ឌកម្មអន្តរជាតិ ដែលបានដាក់ប្រឆាំងនឹងកូរ៉េខាងជើង ពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង៕

មតិយោបល់