ព័ត៌មានអន្តរជាតិ

តួលេខមនុស្សស្លាប់ ដោយវីរុសឆ្លងកូរ៉ូណា នៅអ៊ីតាលីទ្បើងដល់ចំនួន ៣៦៦ នាក់ ខណៈសាលារៀនរបស់អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានបិទទ្វារ

អ៊ីតាលីៈ យ៉ាងហោចណាស់មនុស្សចំនួន ១៣៣ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងរយៈពេល ២៤ ម៉ោង ដោយសារការឆ្លងនៃវីរុសកូរ៉ូណា នៅអ៊ីតាលី ដែលនាំឲ្យតួលេខអ្នកស្លាប់សរុបកើនដល់ចំនួន ៣៦៦នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

រដ្ឋាភិបាលអ៊ីតាលី បានដាក់តំបន់ Lombardy និងតំបន់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្សេងទៀតឲ្យនៅដាច់ឆ្ងាយពីគេ បន្ទាប់ពីមានប្រជាជនប្រមាណ ១៦ លាននាក់ រងផលប៉ះពាល់ ចំពេលដែលខ្លួន បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការផ្ទុះឡើងនៃវីរុសដ៏ធំបំផុតនេះ នៅតំបន់អឺរ៉ុប។

ការផ្លាស់ប្តូរនេះ បានកើតឡើងនៅពេលមានការប្រយុទ្ធប្រឆាំង ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសនេះ ដោយមានករណីថ្មីនៃអ្នកឆ្លងចំនួន ១,២៤៧ នាក់ ត្រូវបានរកឃើញ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ពោលគឺមានការកើនឡើង ២៥ ភាគរយ។ ដោយគិតត្រឹមចុងថ្ងៃអាទិត្យនេះ ប្រទេសអ៊ីតាលី បានបញ្ជាក់ពីការឆ្លងសរុបចំនួន ៧,៣៧៥ នាក់ហើយ។

ទន្ទឹមនឹងនេះ នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតឯណ្ណោះវិញ អាជ្ញាធរបានបិទច្រកចេញចូលតំបន់ភាគខាងកើតតំបន់ Qatif ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័ស នៃវីរុសកូរ៉ូណា។ ដោយទីក្រុងរីយ៉ាដ ក៏បាននិយាយដែរថា ខ្លួនបានប្រកាសផ្អាកការសិក្សាតាមសាលារៀន សាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃច័ន្ទនេះតទៅ ដោយមិនកំណត់ពេលវេលា រហូតដល់មានការជូនដំណឹងបន្ថែម៕

មតិយោបល់