ព័ត៌មានអន្តរជាតិ

ករណីជំងឺឆ្លងកូវីដ ១៩ ទូទាំងពិភពលោក មានចំនួនលើស ២.២ លាននាក់ហើយ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា តួលេខមនុស្សស្លាប់ ដោយសារជំងឺឆ្លងកូវីដ១៩ មានចំនួន ១៣៩,៥១៥ នាក់ នៅទូទាំងពិភពលោក ខណៈករណីអ្នកឆ្លង ត្រូវ​បានបញ្ជាក់សរុប មានរហូតដល់ ២.២លាននាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅប្រទេសអេស្ប៉ាញ បានកើនឡើងដល់ ២០,០០០ នាក់ហើយ ខណៈដែលក្រសួងសុខាភិបាលនៃប្រទេសនេះ មិនទាន់បានបញ្ជាក់ពីតួលេខបច្ចុប្បន្នភាពទាំងនេះទេ។

ដោយទ្បែកនៅអាមេរិកវិញ បានចុះបញ្ជីករណីអ្នកឆ្លងថ្មី ដោយសារជំងឺនេះ មានចំនួន ៣១,៩០៥ ក្នុងរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ និងអ្នកស្លាប់ថ្មី ចំនួន ៣,៨៥៧ នាក់។

មកទល់ពេលនេះ ចំនួនអ្នកស្លាប់សរុប នៅអាមេរិកមានចំនួន ៣៧,០៥៥ នាក់ហើយ ខណៈអ្នកឆ្លងសរុបមានរហូតដល់ ៧០១,៦១០ នាក់៕

មតិយោបល់