សេអ៊ូលៈ យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទថា ខ្លួននឹងស្ថិតនៅក្នុងសភាពប្រុងប្រយ័ត្នខ្ពស់ជានិច្ច ខណៈដែលប្រទេសកូរ៉េខាងជើង ប្រហែលជាអាចនឹងបាញ់មីស៊ីលផ្លោងរយៈចម្ងាយធម្យម (IRBM) នៅជុំវិញថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិកដែលនឹងធ្វើឡើងនៅថ្ងៃអង្គារស្អែកនេះ។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបសយោធាកូរ៉េខាងត្បូងថា រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ប្រហែលជាចង់បញ្ជូនសារដ៏រឹងមាំមួយ ទៅកាន់ប្រធានាធិបតីថ្មីអាម៉េរិកថា ខ្លួននឹងមិនបោះបង់កម្មវិធីអភិវឌ្ឍន៍មីស៊ីល និងនុយក្លេអ៊ែរឡើយ បើទោះបីអន្តរជាតិថ្កោលទោស និងដាក់ទណ្ឌកម្មក្តី។
មន្រ្តីកូរ៉េខាងត្បូង បាននិយាយថា «យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ រាល់ការវិវត្តរបស់យោធាកូរ៉េខាងជើង នៅទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri និងទីតាំងដែលអាចសាកល្បងមីស៊ីលផ្សេងទៀត។ យោធាកំពុងត្រៀមយ៉ាងពេញលេញដើម្បីឆ្លើយតបចំពោះទង្វើឈ្លានពានណាមួយដោយកូរ៉េខាងជើង»៕
មតិយោបល់