សម្រាប់ឈុតបុរាណកាលពីអតីតកាល មហាជនមិនច្រើនប៉ុន្មានទេ ដែលស្គាល់ពីម៉ូដម៉ាយនៃឈុតក្នុងសម័យនគរភ្នំ និងឈុតសម័យចេនឡាច្បាស់លាស់ បើធៀបនឹងសម័យអង្គរ និង សម័យក្រោយអង្គរ។ អ៊ីចឹងហើយ ទើបបានជាការរំលេចឈុតក្នុងសម័យមុនអង្គរទាំងពីរសម័យ ដែលបានគ្រងដោយសិល្បករសិល្បការិនីគ្រួសារតារាកម្ពុជា កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០១៩ នៅទូរទស្សន៍ CNC បានធ្វើអោយមានការចាប់អារម្មណ៍ខ្លាំង ដោយសារតែឈុតក្នុងពីរសម័យនោះ ភាគច្រើនអ្នកដែលមិនស្គាល់ យល់ថាជាឈុតឥណ្ឌា ឬ របស់ប្រទេសជិតខាង។
សិល្បករសិល្បការិនីចំនួន១៣រូប ដែលមានសំណាងបានគ្រងឈុតបុរាណក្នុងសម័យមុនអង្គរទាំងពីរនោះ មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយពីឈុតបុរាណខ្មែរដ៏កម្រអោយពិភពលោក និងកូនខ្មែរ ទទួលស្គាល់ពីឈុតសម័យអាណាចក្រភ្នំ និងសម័យអាណាចក្រចេនឡាដ៏កម្ររបស់ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានរំលេចរូបសម្រស់ឲ្យមើលទៅឃើញលេចធ្លោគួរឲ្យសរសើរផងដែរ។ នេះជាការបង្ហាញឈុត និងបំផុសឈុតបង្ហាញពីសម័យមុនអង្គរទាំងពីរសម័យកាល យ៉ាងកម្រ ដែលតារាចាស់ថ្មីល្បីៗនៅក្នុងពិភពសិល្បៈបានរួមគ្នាធ្វើឲ្យពិភពលោកកាន់តែស្គាល់ពីអរិយធម៌ខ្មែរ ក្នុងសម័យអាណាចក្រភ្នំ និងសម័យអាណាចក្រចេនឡា។
សិល្បករ ដែលបានគ្រងឈុតទាំងពីរសម័យនោះរួមមាន៖
-អ្នកនាង លី ម៉ារីណា ជាទូតសុឆន្ទៈផ្នែកសប្បុរសធម៌ប្រចាំគ្រួសារតារាកម្ពុជា ដែលគ្រងឈុតព្រះនាងនាគ ឬជាឈុតព្រះនាងលីវយី ដែលជាស្ដេចស្រីដំបូងគេដ៏អស្ចារ្យរបស់កម្ពុជា។
-លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោ ឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាព ឆ្នាំ២០១៩ ដែលគ្រងឈុតព្រះមហាក្សត្រ ក្នុងសម័យចេនឡា។
-កញ្ញា ភីយ៉ា ម្ចាស់ពានគ្រងឈុតបុរាណលេខ១ ឆ្នាំ២០១៩ ជាទូតសុឆន្ទៈ ដែលគ្រងឈុតព្រះមហេសី ក្នុងសម័យចេនឡា។
-លោក បញ្ញា សិទ្ធិ ម្ចាស់ពានគ្រងឈុតបុរាណលេខ២ ឆ្នាំ២០១៩ ដែលគ្រងឈុតព្រះអង្គម្ចាស់ ក្នុងសម័យចេនឡា។
-អ្នកនាង ចាន់ ផល្លារ ទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា ដែលគ្រងឈុព្រះនាង ក្នុងសម័យចេនឡា។
-លោក ឌួង តារាផាឌីន គឺជាម្ចាស់ពានគ្រងឈុតបុរាណលេខ១ ឆ្នាំ២០១៩ ជាទូតសុឆន្ទៈ ដែលគ្រងឈុតព្រះរាជាក្នុងសម័យនគរភ្នំ។
-អ្នកនាង ម៉ៅ ស៊ីណាត ម្ចាស់ពានគ្រងឈុតបុរាណ ត្រូវទម្រង់ឆ្នាំ២០១៨ ជាទូតសុឆន្ទៈ ដែលគ្រងឈុតមហេសី ក្នុងសម័យនគរភ្នំ។
-លោក ម៉ែន អម្រុងរត័្ន ម្ចាស់ពានគ្រងឈុតបុរាណផ្នែកច្នៃប្រឌិត ឆ្នាំ២០១៨ និងជាទូតសុឆន្ទៈ គ្រងឈុតព្រះអង្គម្ចាស់ក្នុងសម័យនគរភ្នំ។
-កញ្ញា ភី សម័យ ម្ចាស់ពានគ្រងឈុតបុរាណច្នៃ កាលពីឆ្នាំ២០១៨ ជាទូតសុឆន្ទៈ ដែលគ្រងឈុតអ្នកម្នាងក្នុងសម័យនគរភ្នំ។
-លោក ស៊ិន សុធារិទ្ធ ម្ចាស់ពាន ឈុតបុរាណកម្រ ឆ្នាំ២០១៨ ជាទូតសុឆន្ទៈ ដែលគ្រងឈុតលោកមហាមន្ត្រី ក្នុងសម័យនគរភ្នំ។
-កញ្ញា អៃ សុគន្ធពិដោរ តារាកិត្តិយស ជាបេក្ខនារី Miss Global International Cambodia 2019 ដែលគ្រងឈុតលោកជំទាវក្នុងសម័យនគរភ្នំ។
-លោក លឿង វិសាល ម្ចាស់ពានឈុតបុរាណលេខ៣ ឆ្នាំ២០១៩ ជាទូតសុឆន្ទៈ ដែលគ្រងឈុតព្រះមហាមន្ត្រី ក្នុងសម័យចេនឡា។
-កញ្ញា ព្រីយ៉ា តារាកិត្តិយស និងជាសមាជិករបស់គ្រួសារតារាកម្ពុជា ដែលគ្រងឈុតលោកជំទាវ សម័យចេនឡា។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថា ទូតសុឆន្ទៈ និងសមាជិកសកម្មៗរបស់គ្រួសារតារាកម្ពុជា បង្កើតឡើងដើម្បីកិច្ចការសប្បុរសធម៌ និងចូលរួមលើកស្ទួយវិស័យវប្បធម៌ ដើម្បីធ្វើជាគំរូ និងផ្សព្វផ្សាយទៅកាន់មហាជន។ លោកកាន់តែសប្បាយចិត្ត ដែលបានការសហការពី
លោក ចាន់ សោភ័ន សាស្រ្តាចារ្យប្រចាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យាល័យសូនរូប ដែលជាអ្នកច្នៃឈុតក្នុងសម័យនគរធំ និង ចេនឡា ដ៏អស្ចារ្យ ធ្វើគ្រួសារតារាកម្ពុជាមានឱកាសបានរួមចំណែកផ្សព្វផ្សាយនូវឈុតទាំនេះ៕
មតិយោបល់