ភ្នំពេញ: ទឹកចំនួន៥លានម៉ែត្រគូប ដែលបូមចេញពីអាងកំពីងពួយ តាមប្រឡាយឆ្ពោះទៅកាន់ ស្ទឹងសេរីសោភ័ណ គិតកមត្រឹមថ្ងៃទី៨ឧសភា ទឹកបានហូរចូលទៅស្ទឹងសេរីសោភ័ណហើយ។ នេះបើយោងតាម លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក ប្រាប់នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ។
លោក ចាន់ យុត្ថា បានឲ្យដឹងថា ការនាំទឹកពីអាងកំពីងពួយ ទៅកាន់ស្ទឹងសិរីសោភ័ណ គឺបូមទឹក ពីទីទាបទៅកាន់ទីខ្ពស់ ប្រមាណជា១០ម៉ែត្រ សរុបចម្ងាយប្រមាណជា៩០គីឡម៉ែត្រ ប្រើពេល១០ថ្ងៃ គិតមកដល់ ត្រឹមថ្ងៃទី៨ឧសភា ម្សិលមិញ ទឹកបានបង្ហូទម្លាក់ចូលទៅក្នុងស្ទឹងសេរីសោភ័ណ ហើយ។
លោកបន្ថែមថា នៅពេលនេះ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងធ្វើការបែងចែកទឹកនេះជាពីរផ្នែក ដោយមួយផ្នែកបង្ហូរចូលទៅក្នុងស្ទឹងមង្គលបូរី (ពេលនេះ ក្រុមហ៊ុនទឹកស្អាត កំពុងបូមបន្តដើម្បីផ្គត់ផ្គង់ជូនបងប្អូន ប្រជាពលរដ្ឋនៅក្នុងស្រុកមង្គលបូរី) ខណៈមួយផ្នែកទៀត បញ្ជូនទៅស្តុកទុក នៅក្នុងអាងទឹកពោធិ៍ពីរដើម សម្រាប់ត្រៀមផ្គត់ផ្គង់ដល់ក្រុងសិរីសោភ័ណ នៅពេលដែលក្រុងមួយនេះ អស់ប្រភពទឹកប្រើប្រាស់។
លោក ចាន់ យុត្ថា បញ្ជាក់បន្ថែមថា នេះជាជោគជ័យមួយទៀត របស់ក្រុមកាងារក្រសួងធនធានទឹក ក្នុងការនាំទឹកពីអាងកំពីងពួយ ទៅកាន់ស្ទឹងសេរីសោភ័ណ មានចំងាយប្រមាណ ៩០គីឡូម៉ែត្រ មិនមែនជារឿងធម្មតាទេ (គឺនាំទឹកពីទីទាប ទៅកាន់ទីខ្ពស់ ប្រមាណជាង១០ម៉ែត្រ) តាមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក លឹម គានហោ រដ្ឋមន្ត្រីក្រុមកាងារជំនាញធនធានទឹក បានខិតខំ កាយប្រឡាយ លើកទំនប់ តម្លើងម៉ាស៊ីន ធ្វើការទាំងថ្ងៃទាំងយប់ ទំរាំ បាននាំទឹកទៅដល់ ស្ទឹងសេររីភ័ណ ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ មុនពេលទឹកស្ទឹងសេរីសោភ័ណ រីងស្ងួត។
លោកបន្ថែមថាចំណុចដែលលំបាក មានចម្ងាយជាង២១គីឡូម៉ែត្រ ពីអាងកំពីងពួយ មកដល់ស្ទឹងបរវេល ក្នុងចំងាយផ្លូវដ៏លំបាកនេះ លោករដ្ឋមន្ត្រី បានចាត់ឲ្យក្រុមកាងារ លើកទំនប់ ចំនួន៥កន្លែង ដោយមួយកន្លែង យើងប្រើប្រាស់ម៉ាស៊ីនបូមទឹក ទីយូ មុខបីតឹក ចំនួន៥គ្រឿង សរុប ប្រើប្រាស់ម៉ាស៊ីន បូមទឹកចំនួន២៥គ្រឿង ដើម្បីបូមទឹកបណ្តាក់គ្នា បង្ហូចាក់មកស្ទឹងបរវេល។
លោកបញ្ជាក់ថា ឥឡូវប្រជាពលរដ្ឋនៅស្រុងសេរីសោភ័ណ លែងមានការបារម្ភ ពីបញ្ហាខ្វះទឹកទៀតហើយ ខណៈទឹកបានបង្ហូរចូលទៅស្ទឹងសេរីសោភ័យជាបណ្តើរ៕
មតិយោបល់