ម៉ាឡេស៊ីៈ កាលពីថ្ងៃពុធប៉ូលិសម៉ាឡេស៊ី បាននិយាយថា ស្ត្រីពីរនាក់ជាប់សង្ស័យថា បានបំពុលបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានហ្វឹកហ្វឺនជាច្រើនខែមុននឹងអនុវត្តការធ្វើឃាតនេះ ដោយសារពួកគេបានដឹងច្បាស់ អំពីរបៀបដែលពួកគេត្រូវធ្វើ និងអនុវត្តបានយ៉ាងល្អ ។ នេះយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកអគ្គស្នងការប៉ូលិស Khalid Abu Bakar បានឲ្យដឹងថា យើងមានជំនឿយ៉ាងមុតមាំថា ការវាយប្រហារនេះ មានការគ្រោងទុកជាមុន ហើយស្ត្រីជាប់ចោទទាំងនេះ បានទទួលការហ្វឹកហ្វឺនឲ្យធ្វើសកម្មភាពបែបនេះ។
រូបភាពបង្ហាញតាមរយៈកាមេរ៉ាសន្តិសុខ នៅឯអាកាសយានដ្ឋាននោះឃើញថាស្ត្រីម្នាក់ ដែលកាន់លិខិតឆ្លងដែនវៀតណាម ក្នុងចំណោមបក្ខស្ត្រីម្នាក់ទៀត កាន់លិខិតឆ្លងដែនឥណ្ឌូនេស៊ី បានប្រើប្រាស់ក្រណាត់ខ្ទប់មុខពីក្រោយខ្នង និងបានបាញ់ស្ព្រាយដាក់មុខលោកគីម ជុងណាំ បន្ថែមទៀត មុនពេលដែលគាត់ ត្រូវថ្នាំពុលស្លាប់។
លោក Khalid បានថ្លែងនៅថ្ងៃពុធនេះថា ជាការឃើញច្បាស់លាស់តាមវីដេអូនោះ គឺថាស្ត្រីទាំងនេះ បានលាតដៃរបស់ពួកគេឲ្យឆ្ងាយពីរាងកាយ នៅពេលធ្វើឃាតលោក គីម រួចទៅលាងដៃ ក្នុងបន្ទប់ទឹកយ៉ាងរហ័ស។ លោកបានបន្ថែមទៀតថា ប្រាកដណាស់ថា ស្ត្រីវៀតណាមម្នាក់នោះ បានដឹងយ៉ាងច្បាស់ថា វាជាសារធាតុពុលហើយនាងត្រូវតែប្រញាប់លាងជាបន្ទាន់។
ក្រោយមក មានមនុស្សពីរនាក់ទៀត ត្រូវបានចាប់ខ្លួនផងដែរ ជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ ហើយអាជ្ញាធរនិយាយថា ពួកគេកំពុងស្វះស្វែងរកជនជាប់សង្ស័យបន្ថែមទៀត។
លោក Khalid បាននិយាយថា មកទល់ពេលនេះ ជនសង្ស័យពីរនាក់ទៀត ដែលប៉ូលិសកំពុងរកចាប់ខ្លួន ដោយម្នាក់ជាអ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើង ដែលបម្រើការងារជាលេខាធិការទីពីរនៃស្ថានទូតកូរ៉េខាងជើង ក្នុងរាជធានី Kuala Lumpur និងម្នាក់ទៀត ជាបុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋនៃប្រទេសកូរ៉េខាងជើង៕
មតិយោបល់