ព័ត៌មានជាតិ

តុលាការលើកពេលប្រកាសសាលក្រម រឿងជួលគេសម្លាប់សង្សារ ទៅចុងខែនេះ

ភ្នំពេញៈ ក្រោយពីបើកសវនាការជាសាធារណៈមិនទាន់បានចប់សព្វគ្រប់កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ម្តងរួចហើយនោះ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ លោក អ៊ី ឋាវីរៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការលើ សំណុំរឿង ជួលគេបាញ់សម្លាប់សង្សារ នៅខណ្ឌចំការមន សារជាថ្មីម្តងទៀត។

លោក ហ៊ឹង ប៊ុនថន តំណាងអយ្យការអមសាលាដំបូងរាជធានី ចោទប្រកាន់ជនជាប់ចោទទី១ឈ្មោះ សុខ គឹមលី ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ពីបទ ផ្តើមគំនិត ក្នុងអំពើឃាតកម្ម យោងតាមមាត្រា ២៨ និងមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទទី២ឈ្មោះ ចាំង ធីវ៉េ ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិវៀតណាម ទី៣ឈ្មោះ ឡេ យ៉ាងយ៉ុង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិវៀតណាម និងទី៤ឈ្មោះ លី រ៉ាប៊ិនភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម ពីបទ ប៉ុនប៉ងក្នុងអំពើឃាតកម្ម យោងតាមមាត្រា ២៧ និងមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ សុខ គឹម លី បានបដិសេធថា ខ្លួនមិនបានជួល មនុស្សឲ្យទៅតាម បាញ់សម្លាប់ ជនរងគ្រោះឈ្មោះ អៀ លី ហួរ ដែលជាសង្សារទេ ហើយករណីបោកគ្រាប់បែកនោះក៏ខ្លួនមិនបានដឹងដែរ។

ជនជាប់ចោទឈ្មោះ លី រ៉ាប៊ិន បានឆ្លើយថា ខ្លួនស្គាល់ឈ្មោះ សុខ គឹមលី តាមរយៈ ឈ្មោះ ឡេ យ៉ាងយ៉ុង ដោយបានប្រាប់ថា ឈ្មោះ សុខ គឹមលី ត្រូវការជួលមនុស្សឱ្យទៅបាញ់សម្លាប់ ឈ្មោះ អៀ លីហួរ ជាសង្សារចោល ក្នុងតម្លៃ២ម៉ឺនដុល្លារ។ ជនជាប់ចោទបានបន្តថា ក្រោយមកឈ្មោះ សុខ គឹមលី បានឱ្យឈ្មោះ ឡេ យ៉ាងយ៉ុង យលកាំភ្លើង K៥៩ មួយដើម និងលុយចំនួន ១០០០ដុល្លារ មកឱ្យខ្លួន តែពេលនោះខ្លួនមិនបានទៅបាញ់ឈ្មោះ អៀ លីហួរទេ គ្រាន់តែយកលុយចាយតែប៉ុណ្ណោះ។

ចំណែកជនជាប់ចោទឈ្មោះ ចាំង ធីវ៉េ បានសារភាពថា ខ្លួនរស់នៅជាមួយឈ្មោះ សុខ គឹមលី និងប្តីជនជាតិសឹង្ហបុរីឈ្មោះ រ៉ូ បើត នៅក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន យូរហើយ គឺតាំងពីក្រោយពេលដែលខ្លួននិងប្តីមករស់នៅប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ១៩៩៨។ ជនជាប់ចោទបានបញ្ជាក់ថា នៅឆ្នាំ២០១៥ដោយខ្លាចបែកការឈ្មោះ សុខ គឹមលី លួចមានទំនាក់ទំនងស្នេហាជាមួយ ឈ្មោះ អៀ លីហួរ ខ្លាចប្តីដឹង ក៏ចង់ជួលគេឱ្យបាញ់ឈ្មោះ អៀ លីហួរ ចោលដោយឱ្យថ្លៃឈ្នួលចំនួន ២ម៉ឺនដុល្លារ និងកាំភ្លើង១ដើម។ ជនជាប់ចោទនិយាយថា ខ្លួនបានឱ្យប្តី ឈ្មោះ ឡេ យ៉ាងយ៉ុង ទៅរកជួលគេ និងជួលបានឈ្មោះ លី រ៉ាប៊ិន តែក្រោយមកជននេះមិនបានបាញ់ទេ ហើយយកកាំភ្លើងមកឱ្យវិញ។ ជនជាប់ចោទ បានបដិសេធថា រឿងបោកគ្រាប់បែក គឺខ្លួនមិនបានដឹងទេ។

ជនជាប់ចោទឈ្មោះ ឡេ យ៉ាងយ៉ុង ក៏បានសារភាពថា នៅក្នុងអំឡុងឆ្នាំ២០១៥ ប្រពន្ធខ្លួនពិតជាបានឱ្យខ្លួនទៅជួលឈ្មោះ លី រ៉ាប៊ិន ឱ្យទៅបាញ់ឈ្មោះ អៀ លីហួរ និងបានជូនឈ្មោះ លី រ៉ាប៊ិន ទៅមើលទីតាំងផ្ទះ និងមុខឈ្មោះ អៀ លីហួរ ថែមទៀតផង ប៉ុន្តែដោយសារឈ្មោះ លី រ៉ាប៊ិន ទារលុយមុនចំនួន ៥ពាន់ដុល្លារ ឈ្មោះ សុខ គឹមលី មិនឱ្យទើបឈ្មោះ លី រ៉ាប៊ិន យកកាំភ្លើង និងលុយ១០០០មកឱ្យខ្លួនវិញ។ ជនជាប់ចោទក៏បានបដិសេធថា រឿងបោកគ្រាប់បែកគឺខ្លួនមិនបានដឹងទេ។

គួររំលឹកថា សំណុំរឿង ជួលគេទៅបាញ់សង្សារសម្លាប់ចោលកុំឱ្យប្តីដឹងនេះបាន បែកការក្រោយពេលដែលមានហេតុការបោកគ្រាប់បែកមួយ កាលពីយប់ ថ្ងៃទី ៦ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ ១៦៣ សង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន ដែលបណ្តាលឱ្យមានមនុស្ស ៤ នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឱ្យរថយន្ត ៤ គ្រឿង រួមទាំង ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ នៅក្បែរនោះ។

ទោះជាយ៉ាងណា ករណីនេះតុលាការបើកសវនាការតែលើរឿង ជួលគេបាញ់សង្សារតែប៉ុណ្ណោះ ចំណែកករណី ជួលគេបោកគ្រាប់បែក គឺនឹងបើកសវនាការជំនុំជម្រះដាច់ដោយឡែកម្តងទៀត។

តុលាការបាន សម្រេចលើកពេលប្រកាសសាលក្រមនៃសំណុំរឿងនេះទៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ខាងមុខវិញ៕

https://youtu.be/iO2NfoWfH8k

មតិយោបល់