ភ្នំពេញៈ ក្រោយពីបានលើកពេលប្រកាសសាលក្រមម្តងរួចមកហើយនោះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះលោក លី សុខឡេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទប្រុសស្រីចំនួន ៥នាក់ ដូចខាងក្រោម៖
-ទី១ ផ្តន្ទាទោសឈ្មោះ សុខ គឹមលី ភេទស្រី អាយុ ៤១ឆ្នាំ ដាក់ពន្ធនាគារកំណត់ អស់មួយជីវិតពី បទផ្តើមគំនិតក្នុងអំពើ ឃាតកម្មគិតទុកជាមុន យោងតាមមាត្រា ២៨ និងមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។
-ទី២ ផ្តន្ទាទោសឈ្មោះ ប៊ុន ភក្តី ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជាប្រធាន សន្តិសុខ បុរីចំការមន និងឈ្មោះ សាក់ ម៉ាប់ ហៅមឿន ភេទប្រុស អាយុ៣៦ឆ្នាំ ដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ពីបទ ឃាតកម្មគិតទុកជាមុន យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។
-ទី៣ ផ្តន្ទាទោសឈ្មោះ ប៊ូ សុភាព ហៅ ចិន ភេទស្រី អាយុ ២៥ឆ្នាំ និងឈ្មោះ នូ សំបាន ហៅថេត ភេទប្រុស អាយុ ៣៣ឆ្នាំ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ ចំនួន ៣០ឆ្នាំ ពីបទ សមគំនិត ក្នុងអំពើឃាតកម្មគិតទុកជាមុន យោងតាមមាត្រា ២៧ និងមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។
ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ អៀ លីហួរ ភេទប្រុស កាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅក្នុងសវនាការ កាលពីពេលកន្លងទៅជនជាប់ចោទឈ្មោះ សុខ គឹមលី បានឆ្លើយបដិសេធថា ខ្លួនមិនបានជួលឃាតកឲ្យសម្លាប់ជនរងគ្រោះឈ្មោះ អៀ លីហួរ នោះទេ។ ជនជាប់ចោទ និយាយថា ឈ្មោះ អៀ លីហួរ និងខ្លួន មិនមែនជាប្តីប្រពន្ធលួចលាក់នោះទេ គ្រាន់តែរកស៊ីជាមួយគ្នាតែប៉ុណ្ណោះ។ ជនជាប់ចោទទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយទៅទិញផ្ទះ និងម៉ូតូមួយគ្រឿង ឲ្យឈ្មោះ អៀ លីហួរ ពិតមែន។
ជនជាប់ចោទឈ្មោះ ប៊ុន ភក្តី បានឆ្លើយថា នៅអំឡុងខែសីហា ឆ្នាំ២០១៦ ឈ្មោះ សុខ គឹមលី បានឲ្យខ្លួនជួយរកឃាតកទៅសម្លាប់ឈ្មោះ អៀ លីហួរ ក្នុងតម្លៃ ៣ម៉ឺនដុល្លារ ព្រោះតែខឹងរឿងបោកប្រាស់លុយ និងបោកយកខ្លួនប្រាណរហូតបានកូនមួយ។
ក្រោយមកខ្លួនបានឲ្យសង្សារខ្លួនឈ្មោះ ប៊ូ សុភាព ហៅ ចិន ឲ្យជួយរកឃាតករ។
ឈ្មោះ ប៊ុន ភក្តី និយាយថា បន្ទាប់មកឈ្មោះ ប៊ូ សុភាព ហៅ ចិន បានណែនាំខ្លួនឲ្យឈ្មោះ នូ សុខបាន ហៅ ថេត ដែលជាអ្នកស្គាល់ឃាតកសម្លាប់មនុស្ស។
ឈ្មោះ ប៊ុន ភក្តី បន្ថែមថា ក្រោយពីបានជួបគ្នាពិភាក្សារួចឈ្មោះ នូ សុខបាន ហៅ ថេត បានណាត់ ឈ្មោះ សាក់ ម៉ាប់ ហៅ មឿន នៅស្តាម៉ាតកាល់តិច មុខ ក្លឹបកម្សាន្តរ៉ុកជាច្រើនលើក ដើម្បីរៀបចំគម្រោង មុនពេលចេញទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អៀ លីហួរ។
ឈ្មោះ ប៊ុន ភក្តី បានបញ្ជាក់ថា ក្រោយពីរៀបគម្រោងរួច ពួកគេបានទៅជួបឈ្មោះ សុខ គឹមលី នៅបុរីចំការមន និងឈ្មោះ សុខ គឹមលី បានឲ្យលុយចំនួន ៣០០ដុល្លារ ទៅឈ្មោះ សាក់ ម៉ាប់ ហៅ មឿន ទៅទិញម៉ូតូជិះធ្វើសកម្មភាព និងបានឲ្យកាំភ្លើងខ្លីមួយដើមទៅឈ្មោះ សាក់ ម៉ាប់ ហៅ មឿន ផងដែរ។
ឈ្មោះ ប៊ុន ភក្តី បានអះអាងថា ឈ្មោះ សុខ គឹមលី ជាអ្នកប្រាប់អាស័យដ្ឋាន និងបាញ់រូបថតជនរងគ្រោះ ឱ្យខ្លួនទៅមើលផ្លូវមុន ដើម្បីរាយការណ៍ឈ្មោះ សាក់ ម៉ាប់ ហៅ បឿន ទៅធ្វើសកម្មភាព។
ឈ្មោះ ប៊ុន ភក្តី ថាពួកគេ បានធ្វើសកម្មភាព ២លើក ដោយលើកទី១ បាញ់ជនរងគ្រោះមិនបាន ទើបលើកទី២បោកគ្រាប់បែកតែម្តងទៀត។
ដោយឡែកជនជាប់ចោទឈ្មោះ សាក់ ម៉ាប់ ហៅ មឿន ឈ្មោះ ប៊ូ សុភាព ហៅ ចិន និងឈ្មោះ នូ សុខបាន ហៅ ថេត សុទ្ធតែឆ្លើយទទួលស្គាល់ដូចការលើកឡើងរបស់ឈ្មោះ ប៊ុន ភក្តី ទាំងអស់គ្នា។
គួរំលឹកថា ក្រោយហេតុការណ៍បោកគ្រាប់បែក សមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតឃាត់ខ្លួនជនជាប់ចោទចំនួន ៥នាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
https://youtu.be/oI73RkXT4fY
មតិយោបល់