ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ លោក សេង លាង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស បុរសជនជាតិចិនម្នាក់ ជាថៅកែកាស៊ីណូ ពាក់ព័ន្ធ សំណុំរឿង បង្ខាំងមនុស្សដោយខុសច្បាប់។
លោកស្រី សុង ឆវ័ន្ត ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើឈ្មោះ ទីង ឈុនយៀន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន មុខរបរ ពាណិជ្ជករ និងឈ្មោះ ចាង ជាំងជាំង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ពីបទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស លើជនរងគ្រោះឈ្មោះ ជូ សៀវលាង ប្រព្រឹត្តកាលពីអំឡុង ថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងផ្ទះជួលមួយកន្លែង ភូមិក្បាលស្ពានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យោងតាមមាត្រា ២៥៣ និងមាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការឈ្មោះ ទីង ឈុនយៀន បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ ព្រោះនៅក្នុងអំឡុងពេលកើតហេតុ ខ្លួនមិនបាននៅក្នុងប្រទេសកម្ពុជានោះទេ។
ជនជាប់ចោទនិយាយថា ខ្លួនបានមកកម្ពុជា បើកកាស៊ីណូ នៅក្រុងប៉ោយប៉ែត ក្រុងសៀមរាប និងក្រុងព្រះសីហនុ ដោយមានដៃគូសហការជាអ្នកមើលការខុសត្រូវ។
ចំពោះកាស៊ីណូ នៅក្រុងប៉ោយប៉ែត មានឈ្មោះ លីពីង ដែលជាម្ចាស់ភាគហ៊ុនម្នាក់ ជាអ្នកគ្រប់គ្រង និងមើលការខុសត្រូវទាំងអស់។ ដូច្នេះ រឿង បង្ខាំងជនរងគ្រោះឈ្មោះ ជូ សៀវលាង ព្រោះរឿងជំពាក់ប្រាក់លេងល្បែងនោះជាការទទួលខុសត្រូវរបស់ឈ្មោះ លីពីង ឈ្មោះ ចាំង ឆាំងឆាំង ឈ្មោះ ហុង ម៉ី និងបក្ខពួក។
យោងតាមអំនានចម្លើយជនរងគ្រោះ បានបញ្ជាក់ថា រូបត្រូវបានគេយកទៅឃុំនៅក្នុងទ្រង់ដែក ហើយវាយឱ្យរបួសជាច្រើនកន្លែង និងបានថតរូបផ្ញើទៅគ្រួសារនៅប្រទេសចិនមើល ដើម្បីផ្ញើលុយមកសងថៅកែកាស៊ីណូ ថ្លៃលេងល្បែង ចំនួន ៥លានយាន់។
ក្រោយពីក្រុមថៅកែដោះលែងខ្លួន វិញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ខ្លួនបានទៅស្ថានទូតចិន ឱ្យជួយ និងសុំឯកសារទៅស្រុកចិនវិញ។
តុលាការបានលើកពេលប្រកាសសាលក្រមសំណុំរឿងនេះទៅពេលក្រោយ ដោយមិនទាន់កំណត់ពេលជាក់លាក់៕
https://youtu.be/m67_QHx71Zc
មតិយោបល់