ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ លោក សេង លាង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស បុរសអនិកជនខ្មែរ-អាមេរិកម្នាក់ ពាក់ព័ន្ធករណី ឆបោកលុយ ពលករខ្មែរ អស់រាប់ម៉ឺនដុល្លារ ដោយសន្យាថា នាំទៅធ្វើការនៅប្រទេស អូស្ត្រាលី។
លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើឈ្មោះ Vorn Yen Viliam ភេទប្រុស ពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៥ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការនៅព្រឹកនេះ ជនជាប់ចោទបាន បដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។
គួររំលឹកថា ជនជាប់ចោទត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចហាងកាហ្វេ Park Coffee ក្បែរផ្សារសុវណ្ណា តាមពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះ
ជាង១០នាក់ ដែលអះអាងថា បានចាញ់បោកជនជាប់ចោទ ក្នុងម្នាក់ៗ ចន្លោះពី ៣,០០០ដុល្លារ ទៅ ៦,០០០ដុល្លារ ដោយសន្យាថា នាំពួកគេទៅធ្វើការនៅប្រទេសអូស្ត្រាលី។
ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ៕
មតិយោបល់