ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ដឹកនាំសិស្សានុសិស្សជាង៨០០នាក់ បង្កើតបរិស្ថានបៃតងក្នុងសាលា

កំពង់ឆ្នាំងៈ ការបង្កើតឲ្យមានបរិស្ថានបៃតងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ គឺក្នុងគោលបំណងធ្វើជារបាំងការពារខ្យល់កន្ត្រាក់ ដើម្បីត្រៀមបង្ការគ្រោះមហន្តរាយ រួមចំណែកកាត់បន្ថយទៅនឹងការបម្រែបម្រួលអាកាសធាតុ និងការឡើងកម្ដៅផែនដី និងចង់ឲ្យយុវជនជំនាន់ក្រោយយល់ដឹងពីសារៈប្រយោជន៍នៃការដាំកូនឈើលោក អ៊ុន សំអុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដូចនេះនៅក្នុងពិធីដាំកូនឈើនៅក្នុងវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។

លោក អ៊ុន សំអុល បានបន្តឲ្យដឹងថា នៅក្នុងថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ប្រមាណជាង៨០០នាក់ បាននាំគ្នាដាំកូនឈើចំនួន៤ប្រភេទមាន បេង ធ្នង់ គគីរ និងឈើទាល នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ។ លោកបានមានប្រសាសន៍ពន្យល់ពីសារៈប្រយោជន៍នៃព្រៃឈើឲ្យក្មួយៗសិស្សានុសិស្សដឹងថា ព្រៃឈើមានសារៈសំខាន់ណាស់សំរាប់ជាម្លប់ សំភារៈសំណង់ ជាជំរកសត្វព្រៃ ជំរកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ ស្រូបយកជាតិពុលពីក្នុងបរិយាកាស និងនាំមកនូវទឹកភ្លៀងសំរាប់បង្ករបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក និងសត្វ។ ព្រៃឈើបានផ្តល់ផលពហុប្រយោជន៍មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ ហើយព្រៃឈើមិនត្រឹមតែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះនោះទេ ប៉ុន្តែវាអាចជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិធ្វើឲ្យអាកាសធាតុមានភាពកាន់តែប្រសើរ រក្សានូវប្រភពទឹក ការពារជំរាល និងការពារជីវៈចំរុះ ពោលគឺព្រៃឈើមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងកសិកម្ម ដូចនេះព្រៃឈើគឺជាប្រភពផ្តល់នូវការរស់រានមានជីវិតដល់សត្វ និងមនុស្សទាំងឡាយនៅលើពិភពផែនដីនេះ។

លោក អុន សំអុល បានបន្តពាក់ព័ន្ធនឹងសារៈប្រយោជន៍នៃព្រៃលិចទឹកផងដែរថា វាជាជម្រកដ៍ចាំបាច់សម្រាប់ត្រីពងកូននារដូវទឹកតំឡើង, ជាដែនជម្រកសត្វព្រៃគ្រប់ប្រភេទ, ជាជម្រកលាក់ខ្លួនគេចពីសត្រូវបំផ្លាញរបស់សភាវៈរស់ក្នុងទឹក, ជារបាំង រនាំងទប់ខ្យល់ព្យុះ និងទឹករលកការពារមច្ឆាជាតិ និងប្រជានេសាទ, ជាប្រភពចំណីធំធាត់សម្រាប់សត្វ និងមច្ឆាជាតិ, ជួយទប់ទល់ការដុះរាលដាលនៃពពួករុក្ខជាតិរាតត្បាត ទប់ទល់ការហូរច្រោះ និងបាក់ដីបណ្តាលមកពីទឹកភ្លៀង និងទឹកជំនន់ដែលនាំឲ្យទន្លេគោករាក់ ទាក់ទាញទឹកភ្លៀងឲ្យធ្លាក់ក្នុងតំបន់បានច្រើន ជួយផ្តល់នូវអាកាសធាតុបរិសុទ្ធ និងបរិយាកាសល្អក្នុងតំបន់ សម្អាតទឹកក្រខ្វក់ ធានារក្សាគុណភាពទឹក, ជាប្រភពអេកូឡូស៊ីយ៉ាងសំខាន់សម្រាប់ពពួកភាវៈរស់ ជីវចម្រុះ និងធ្វើឲ្យបរិស្ថានមានលំនឹង, ស្រូបយកជាតិពុលពីក្នុងបរិយាកាសបានល្អជាងព្រៃឈើនៅតំបន់ខ្ពង់រាប។

ដោយឡែកតំណាងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ បានឡើងប្តេជ្ញាចិត្តខិតខំជួយថែរក្សាព្រៃឈើនៅក្នុងសហគមន៍ និងមូលដ្ឋានរបស់ខ្លួន និងជួយផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យចេះស្រឡាញ់សម្បត្តិធម្មជាតិ ព្រមទាំងសំណូមពរដល់ពលលរដ្ឋទាំងអស់កុំឲ្យកាប់គាស់រុករាន ដុតបំផ្លាញព្រៃឈើ និងតំបន់ព្រៃលិចទឹក ព្រោះវា គឺជាអាយុជីវិតរបស់មនុស្សសត្វរស់នៅលើផែនដី។ លើសពីនេះត្រូវជួយផ្សព្វផ្សាយឲ្យពលរដ្ឋចូលរួមដាំព្រៃឈើឡើងវិញនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ជាពិសេសគឺការសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ហាញទីតាំង និងមុខជនណាកំពុងកាប់បំផ្លាញព្រៃឈើ៕

មតិយោបល់