ព័ត៌មានជាតិ

Updated៖ ករណីក្របីវ៉ាត់មន្ត្រីប៉ូលិសស្រុកសំបូរ សមត្ថកិច្ចសម្រេចចិត្តបាញ់ ២គ្រាប់ ដើម្បីការពារខ្លួន បណ្ដាលឲ្យក្របីនោះងាប់បាត់ហើយ

ក្រចេះ: កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីរសៀល ជំនាញនគរបាលយុត្តិធម៌ស្រុកសំបូរ ទទួលព័ត៌មានបានពីប្រជាពលរដ្ឋថា មានមុខសញ្ញា (ចោរលួចក្របី) យកមកចងលាក់ទុកក្នុងព្រៃចំណុចជណ្តើរកាច់ ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយពីទទួលព័ត៌មានភ្លាម លោកវរៈសេនីយ៍ទោ ណយ ស៊ីថាច អធិការរង ទទួលការងារយុត្តិធម៌ បានដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍សហការជាមួយកម្លាំងប្រជាការពារចំនួន ៥នាក់ ចុះស្រាវជ្រាវ និងរុករកនៅចំណុចខាងលើ (ក្នុងព្រៃ) ក៏ប្រទះឃើញក្របីញីចំនួន ០៤ក្បាលធំ ចំនួន ០៣ក្បាល និងជំទង់ចំនួន ១ក្បាល (ដែលមុខសញ្ញាបានចងលាក់ទុកក្នុងព្រៃ)។

ក្រោយពីកម្លាំងឃើញសត្វក្របីទាំងនោះហើយក៏បានដាក់ពង្រាយកម្លាំងរុំព័ទ្ធ និងរង់ចាំខ្លំមើលមុខសញ្ញាចូលមកដឹកក្របីរហូតទល់ភ្លឺ ប៉ុន្តែមុខសញ្ញាមិនចូលមកទេ ។ លុះម៉ោង ៧និង៣០នាទី ទើបសម្រេចចិត្ត នាំយកក្របីទាំងនោះមករក្សាទុក នៅប៉ុស្តិ៍ដើម្បីស្រាវជ្រាវរកមុខសញ្ញា ពេលនោះស្រាប់តែត្រូវក្របីវាត់លោកអ.ត្រី ឈឹម កេវ មន្ត្រីនគរបាលប៉ុស្តិ៍ឃុំក្បាលដំរី បណ្តាលឲ្យរងរបួសជាទម្ងន់។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពឃុំអូរគ្រៀង ដឹកយកមកមន្ទីពេទ្យបង្អែកខេត្តក្រចេះ ដើម្បីជួយសង្គ្រោះ៕

មតិយោបល់