អង្គការសហប្រជាជាតិ/ស៊ីរី៖ អគ្គលេខាធិការអ.ស.ប លោក បាន គីមូន បានថ្លែងថាក្រុមប្រឹក្សាសន្ដិសុខបានទទួលស្គាល់អំពីភាពបន្ទាន់នៃ សភាពការណ៍ក្នុងប្រទេសស៊ីរី ខណៈពេលដែលប្រជាជាតិអារ៉ាប់ និងបស្ចិមប្រទេសជំរុញដល់ក្រុមប្រឹក្សាសន្តិសុខឲ្យអនុម័តសេចក្ដី សម្រេចមួយដែលអំពាវនាវឲ្យប្រធានាធិបតីស៊ីរី លោក បាស្សា អាល អាសាដ (Bashar Al Assad) ចុះចេញពីតំណែង។
ប្រេសិតរុស្ស៊ីទៅកាន់សហភាពអឺរុប និយាយថា លោកមើលឃើញថានឹងមិនមានឱកាសណាមួយទេដែលក្រុមប្រិក្សាសន្ដិសុខ អសប អាចអនុម័តលើសេចក្ដីសម្រេចអំពីស៊ីរីទេ ខណៈដែលក្រុមអារ៉ាប់និងបស្ចឹមប្រទេសខិតខំរុញច្រានឲ្យចាត់វិធានការ ដើម្បីបញ្ឈប់អំពើឃោរឃៅនៅក្នុងប្រទេសស៊ីរី។
លោក Vladimir Chizhov ថ្លែងប្រាប់បណ្ដាញព័ត៌មានរុស្ស៊ី Interfax កាលពីថ្ងៃពុធថាសេចក្ដីស្នើនោះមិនមានមាត្រាគន្លឹះ ហើយមិនអាចធ្វើអន្ដរាគមន៍យោធាបានឡើយ។
សេចក្ដីអត្ថាធិប្បាយនោះមិនស្របទៅនឹងគំនិតរបស់រដ្ឋមន្ដ្រី ការបរទេសអង់គ្លេសលោក William Hague ដែលបានថ្លែងប្រាប់ក្រុមប្រឹក្សាសន្ដិសុខកាលពីថ្ងៃអង្គារថា សេចក្ដីសម្រេចចិត្ដនោះមិនអំពាវនាវឲ្យមានវិធានការយោធាទេ ហើយអាចប្រើយោធាបានលុះត្រាតែបានត្រូវអនុញ្ញាត។
ព័ត៌មានដទៃទៀត៖
អាមេរិក៖ បេក្ខជនប្រធានាធិបតិលោក មិត រមនី (Mitt Romney) បានត្រូវលើកទឹកចិត្ដយ៉ាងខ្លាំងនៅក្នុងការប្រកួតយកការតែងតាំង ជាបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ ដោយបានទទួលជោគជ័យលើសលប់ក្នុងរដ្ឋផ្លរីដា (Florida) កាលពីថ្ងៃអង្គារ។
អ៊ីរ៉ង់៖ ប្រធានអធិការកិច្ចរបស់ទីភ្នាក់ងារនុយក្លេអ៊ែរអ.ស.ប បានថ្លែងថា«នៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញ» ជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ក្រោយពីបានធ្វើការចរចាយ៉ាងមមាញឹកអំពី កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ អស់រយៈពេលបីថ្ងៃកន្លងមក។
សេណេហ្គាល់៖ ពួកមន្ដ្រីនៃប្រទេសសេណេហ្គាល់ (Senegal) បាននិយាយថា មានមនុស្សយ៉ាងហោចណាស់ក៏ម្នាក់ដែរត្រូវបានគេសម្លាប់កាលពីថ្ងៃ អង្គារ ខណៈដែលប៉ូលិសកុបកម្មប្រដាប់ទៅដោយបំពង់ឧស្ម័នបង្ហូរទឹកភ្នែកនិង កាណុងបាញ់ទឹកបានប៉ះទង្គិចជាមួយក្រុមបាតុករ ដែលកំពុងអំពាវនាវឲ្យប្រធានាធិបតីអាយុ៨៥ឆ្នាំ លោក អាប់ឌូឡាយេ វ៉ាដេ (Abdoulaye Wade) ឈប់ឈរឈ្មោះបោះឆ្នោតក្នុងអាណត្ដិទីបីតទៅទៀត។
អាមេរិក/អេហ្ស៊ីប៖ នៅថ្ងៃអង្គារនេះ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៍នៃប្រទេសអេហ្ស៊ីបបានបញ្ជូនមកវិញនូវ សារលិខិតមួយច្បាប់របស់ឯកអគ្គរដ្ឋទូតស.រ.អា. ដែលបានស្នើឲ្យអាជ្ញាធរអេហ្ស៊ីបលប់ចោលបម្រាមមិនឲ្យធ្វើដំណើរលើ ពលរដ្ឋអាមេរិកាំង ដែលធ្វើការជាមួយក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនានាក្នុង ប្រទេសនេះ។
ចិន៖ វិស័យកម្មន្តសាលរបស់ប្រទេសចិនគឺឃើញមានភាពប្រសើរឡើងបន្តិចហើយនៅ ខែមករានេះ ជាខែទីពីរជាប់គ្នាហើយដែលបង្ហាញពីភាពវិជ្ជមាននោះ។ ការណ៍នេះបង្ហាញថា ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភពលោកមួយនេះ នឹងមិនរងគ្រោះធ្ងន់ធ្ងរទេពីភាពជាប់គាំងនៃសេដ្ឋកិច្ចពិភពលោក។
អាមេរិក៖ ក្រុមឯកជននៅក្នុងសហរដ្ឋអាមេរិកដែលចំណាយប្រាក់ច្រើនលានដុល្លារ នៅក្នុងយុទ្ធនាការឃោសនាសម្រាប់តំណែងប្រធានាធិបតីស.រ.អ. បានចេញមុខប្រាប់ឈ្មោះរបស់ខ្លួនដោយបង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិកាំងមួយចំនួនតូចបានធ្វើឲ្យប៉ះពាល់ដល់ការប្រកួត ដណ្ដើមកន្លែងប្រធានាធិបតី។
ចិន៖ ពលរដ្ឋរស់នៅក្នុងតំបន់រំជើបរំជួលនៃភាគខាងត្បូងប្រទេសចិន វូកន (Wukan)បានចាប់ផ្ដើមដំណើរការជ្រើសតាំងប្រធានភូមិថ្មីរបស់ខ្លួន ដែលគេមើលឃើញថាជាជ័យជម្នះដ៏កម្ររបស់ក្រុមបាតុករនិងសកម្មជន សិទ្ធិមនុស្ស នៅក្នុងប្រទេសដែលកាន់អំណាចផ្ដាច់ការនោះ។
លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិថ្លែងនៅក្នុងសន្និសីទព័ត៌មានមួយ កាលពីថ្ងៃអង្គារទី៣១ មករា នៅក្នុងក្រុងអាម៉ាន់ (Amman) ប្រទេសហ្ស៊កដានី ដែលជាទីសំចតទី១នៅក្នុងទស្សនកិច្ចតំបន់មជ្ឈិមបូព៌ា៕
ប្រភព៖ voanews
មតិយោបល់