ស្ទើរតែមិនជឿទៅលើព័ត៌មាន ដែលសារព័ត៌មាន Reuters បានចុះផ្សាយ ព្រោះថា ចិនជាប្រទេសកម្មុយនិសនិងជាប្រទេសមួយដែលប្រឆាំងនឹងបច្ចេកវិទ្យាអាមេរិក ប៉ុន្តែនៅពេលនេះ បែបជាក្រុមហ៊ុនអាមេរិករក្សាទុកទិន្នន័យអតិថិជនរបស់ខ្លួននៅលើទឹកដីប្រទេសចិនទៅវិញ។
Reuters បានចុះផ្សាយដោយបានបញ្ជាក់ថា ក្រុមហ៊ុន Apple បានសម្រេចរក្សាទុកនូវទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជននៅក្នុង Server របស់ក្រុមហ៊ុនទូរគមនាគមន៍ China Telecom ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម Wireless ធំលំដាប់ទី៣។ ការរក្សាទុកនេះត្រូវបានប្រភពខាងលើបញ្ជាក់ថា ដើម្បីសម្រាប់សេវាកម្ម iCloud។
ហាក់ដូចជាចម្លែក និងមានបញ្ហាបន្ដិចទៅលើព័ត៌មាននេះ ដោយសារតែចិនបានព្យាបាលបញ្ឈប់ការប្រើប្រាស់ផលិតផល និងបច្ចេកវិទ្យាបរទេស ដោយបច្ចុប្បន្នសេវាកម្មរបស់ Google ជាច្រើនត្រូវបានបិទនៅចិន ហើយកាលពីថ្មីៗនេះ កម្មវិធីកម្ចាត់មេរោគបរទេសចំនួន ពីរក៏ត្រូវបានវបិទ និងមានព័ត៌មានលេចឮផ្សេងគ្នាថា រដ្ឋាភិបាលក្រុងប៉េកាំងបានហាមមន្ត្រីរបស់ខ្លួនមិនឲ្យប្រើផលិតផលរបស់ Apple។
ពាក់ព័ន្ធនឹងព័ត៌មាននេះ នៅមិនទាន់មានសេចក្ដីបញ្ជាក់ពីខាងក្រុមហ៊ុន Apple នោះទេ ប៉ុន្តែក្រុមហ៊ុនទូរគមនាគមន៍ China Telecom បានបដិសេធមិនធ្វើអត្ថាធិប្បាយ៕
មតិយោបល់