ការជជែកគ្នា រវាងលោកចូ បៃដិន និងលោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា នាយករដ្ឋមន្ត្រីជប៉ុន គឺមិនទៅណាឆ្ងាយពីបញ្ហាពាក់ព័ន្ធជាមួយចិនទេ។ យ៉ាងណាមិញ ការដែលលោកនាយករដ្ឋមន្ត្រីជប៉ុន ជាថ្នាក់ដឹកនាំបរទេសទីមួយ ដែលត្រូវបានលោក ចូ បៃដិនអញ្ជើញឲ្យទៅជួបដោយផ្ទាល់ នៅក្រុងវ៉ាស៊ីនតោន គឺវាមិនមែនជារឿងចៃដន្យទេ។ ហើយនៅសប្តាហ៍ក្រោយ គឺដល់វេនលោក មូន ជាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងម្តង ដែលនឹងត្រូវជួបជាមួយលោក ចូ បៃដិន។
ទាំងនេះ យើងអាចសង្កេតបានថា រដ្ឋបាលលោកចូ បៃដិន បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងអាទិភាពធំបំផុតទៅលើបញ្ហាអាស៊ីប៉ាស៊ីហ្វិក ដែលវាពាក់ព័ន្ធជាមួយនឹងចិន។ លោក ចូ បៃដិន កំពុងតែប្រមែរប្រមូលកម្លាំង ពង្រឹងសម្ព័ន្ធភាពជាមួយប្រទេសក្នុងតំបន់នេះ ដើម្បីរួមកម្លាំងគ្នា ទប់ទល់ជាមួយនឹងចិន។
នៅក្នុងសន្និសីតកាសែត ក្រោយចប់ជំនួបកំពូលកាលពីថ្ងៃម្សិលមិញនេះ លោក ចូ បៃដិន បានថ្លែងថា រដ្ឋបាលលោក និងរដ្ឋាភិបាលជប៉ុន បានប្តេជ្ញារួមគ្នា ធ្វើការជាមួយគ្នា ដើម្បីទប់ទល់ជាមួយបញ្ហាទាំងឡាយ ដែលចិនបាននឹងកំពុងបង្ក មិនថាទាក់ទិននឹងសំណុំរឿងសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងសំណុំរឿងកូរ៉េខាងជើងនោះទេ។ លោក ចូ បៃដិនបន្តថា អាមេរិក និងជប៉ុន នឹងរួមកម្លាំងគ្នា ដើម្បីបង្ហាញឲ្យឃើញថា លទ្ធិប្រជាធិបតេយ្យសេរី ពិតជាអាចយកប្រកួតប្រជែង យកឈ្នះរបបផ្តាច់ការ។
លោកយ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា វិញ បានថ្លែងថា សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុន គឺឈរលើមូលដ្ឋាននៃសេរីភាព លទ្ធិប្រជាធិបតេយ្យ ព្រមទាំងសិទ្ធិមនុស្ស។ លោកបន្តថា ប្រទេសទាំង២ នឹងរួមគ្នា ទប់ទល់ប្រឆាំងនឹងការប៉ុនប៉ងទាំងឡាយណា របស់ចិន ដែលមានកម្មវត្ថុ ចង់មកបំផ្លាញស្ថិរភាព និងការស្ងប់សុខ នៅក្នុងតំបន់សមុទ្រចិនខាងកើត និងតំបន់សមុទ្រចិនខាងត្បូង។
លោក អគ្គរដ្ឋទូតចិន ប្រចាំក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ការថ្លែងទាំងអស់នេះ គឺជាការលូកដៃប៉ះពាល់កិច្ចការផ្ទៃក្នុងរបស់ចិន។ លោកបានបន្ថែមបែបចំអកថា អាេមរិក និង ជប៉ុនស្រែកក្តែងៗថា ចង់ការពារសេរីភាព និងការបើកចំហរ តែការពិត ប្រទេស២នេះកំពុងប្រមូលគ្នាចែកបក្សពួកទៅវិញ។
មតិយោបល់