ព័ត៌មានជាតិ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Roh Tae-woo ទទួលមរណភាពហើយ ក្នុងវ័យ ៨៨ឆ្នាំ

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Roh Tae-woo ដែលធ្លាប់បានដើរតួនាទីយ៉ាងខ្លាំងក្នុងការផ្លាស់ប្ដូររបបដឹកនាំកូរ៉េខាងត្បូងតាមបែបផ្ដាច់ការ មកជា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យបានទទួលមរណភាពហើយក្នុងវ័យ ៨៨ឆ្នាំ។

លោក Roh Tae-woo បានស្លាប់នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូល នៅថ្ងៃអង្គារនេះ។ លោក Roh Tae-woo ត្រូវបានគេរាយការណ៍ថាមានបញ្ហាសុខភាពជាបន្តបន្ទាប់ តាំងតែពីឆ្នាំ ២០០២មកម្ល៉េះ ហើយលោកក៏ធ្លាប់បានទទួលការវះកាត់ព្យាបាលជំងឺមហារីក និងចូលសម្រាកមន្ទីរពេទ្យជាញឹកញាប់ នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។

លោក Roh Tae-woo កើតនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៣២ ក្នុងគ្រួសារកសិករដ៏ក្រីក្រមួយក្នុងស្រុក Talsong ស្ថិតជាប់ភាគអាគ្នេយ៍នៃទីក្រុង Taegu។ លោកបានបញ្ចប់ ការសិក្សាផ្នែកយោធា នៅសាកលវិទ្យាល័យទីក្រុងសេអ៊ូល ហើយបានបន្តការសិក្សាផ្នែកចិត្តសាស្ត្រសង្រ្គាម នៅឯទីក្រុង Fort Bragg នៃរដ្ឋ North Carolina នៃសហរដ្ឋអាមេរិក៕

ប្រភព៖ Reuters

 

មតិយោបល់