ព័ត៌មានជាតិ

លោក ចូ បៃដិន ព្រមានលោក ពូទីន ពីវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់របស់ លោកខាងលិច ទៅនឹងរាល់ការវាយប្រហារលើអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថាលោកខាងលិចអាចនឹងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកងទ័ពរុស្ស៊ីដែលកំពុងប្រមូលផ្ដុំកម្លាំងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន បើកការវាយប្រហារណាមួយ។

«លោកប្រធានាធិបតី បៃដិន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបចំពោះសកម្មភាពកងទ័ពរុស្ស៊ីនៅក្បែរ ព្រំដែនអ៊ុយក្រែន ហើយបានបញ្ជាក់យ៉ាងច្បាស់ថាអាមេរិក និងសម្ព័ន្ធមិត្តរបស់យើងនឹងធ្វើការឆ្លើយតបតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការដទៃទៀត នៅក្នុងករណីជម្លោះយោធាណាមួយផ្ទុះឡើង»។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយរបស់សេតវិមាន ក្រោយជំនួបកំពូល តាមប្រព័ន្ធវីដេអូដ៏តានតឹងរវាងលោក បៃដិន និងលោក ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថា លោក បៃដិន ក៏បានសង្កត់ធ្ងន់ផងដែរពីការគាំទ្រដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយ អំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងតាមរយៈយន្ដការការទូត។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានសន្និដ្ឋានរុស្ស៊ីអាចនឹងបើកការ វាយប្រហារលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែ ទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ ដោយអះអាងថាខ្លួនមិនមាន ផែនការវាយប្រហារលើប្រទេសណាមួយទេ តែថារុស្ស៊ីក៏មានបន្ទាត់ក្រហមរបស់ខ្លួនដែរ៕

ប្រភព៖​​​​​​​ Reuters

 

មតិយោបល់