(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានព្រមានអង្គការ NATO ថារដ្ឋជាសមាជិករបស់ខ្លួន អាចនឹងរងការវាយប្រហារក្នុងពេលឆាប់ៗនេះពីសំណាក់កងទ័ពរុស្ស៊ី បន្ទាប់ពីមូលដ្ឋានទ័ពអ៊ុយក្រែនមួយកន្លែង ស្ថិតក្បែរព្រំដែននៃប្រទេសប៉ូឡូញ រងការវាយប្រហារតាមផ្លូវអាកាស។
នៅក្នុងសារមួយជាវីដេអូចេញផ្សាយ នៅយប់ឈានចូលថ្ងៃចន្ទសប្ដាហ៍នេះ លោក ហ្សេលេនស្គី ក៏បានអំពាវនាវសាជាថ្មីផងដែរឱ្យមានការបង្កើត «តំបន់គ្មានការហោះហើរ» នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែករបស់កងទ័ពរុស្ស៊ី បើទោះជាការស្នើបែបនេះធ្លាប់ត្រូវបាន អាមេរិក និង NATO ទាត់ចោលក៏ដោយ។ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ប្រសិនបើអ្នក (NATO) មិនព្រមបិទដែនអាកាសរបស់យើងទេ នោះមិនយូរមិនឆាប់ គ្រាប់មីស៊ីលរុស្ស៊ីនឹងធ្លាក់ចូលក្នុងទឹកដីរបស់អ្នក, ទឹកដី NATO និងផ្ទះរបស់ប្រជាជន NATO»។
បើតាមលោក ហ្សេលេនស្គី, ការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ីលើមូលដ្ឋានទ័ពអ៊ុយក្រែន យ៉ាវ៉ូរៀវ (Yavoriv) វាប្រៀបបានដូចជាសង្រ្គាមបាន រាលដាលដល់មាត់ទ្វារផ្ទះរបស់ NATO ហើយ។ ពីព្រោះថាមូលដ្ឋានទ័ព Yavoriv ស្ថិតនៅក្រៅទីក្រុងល្វីវ (Lviv) មានចម្ងាយតែជាង ១៥គីឡូម៉ែត្រ ប៉ុណ្ណោះពីព្រំដែនប៉ូឡូញដែលជាសមាជិក NATO។
ការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ីលើមូលដ្ឋានទ័ពអ៊ុយក្រែន យ៉ាវ៉ូរៀវ (Yavoriv) កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានផ្ដាច់ជីវិតមនុស្ស ៣៥នាក់ និងរបួស១៣៤នាក់៕
ប្រភព៖ SCMP
មតិយោបល់