ព័ត៌មានជាតិ

អាជ្ញាធរ ត្រៀមជម្លៀសប្រជាជនស្រុកអន្លង់វែង ពីគ្រោះជំនន់ទឹកភ្លៀង

ឧត្តរមានជ័យ: ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំង លើសកម្រិតកម្ពស់ប្រកាសអាសន្ន ដែលអាចបង្កឲ្យបងប្អូនប្រជាពលរដ្ឋមានគ្រោះថ្នាក់ជាយថាហេតុ អាជ្ញាធរមានសមត្ថកិច្ចបានត្រៀមរួចជាស្រេច ដើម្បីធ្វើការជួយសង្គ្រោះ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាព។ ជាមួយគ្នានេះ អាជ្ញាធរក៏បានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវសហការរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន នៅពេលជួបគ្រោះទឹកជំនន់។

អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានប្រាប់ Post News ឲ្យដឹងថា នៅរយ:ពេលប៉ុន្មានថ្ងៃនេះ ខេត្តឧត្តរមានជ័យ ភ្លៀងបន្តធ្លាក់យ៉ាងខ្លាំង ហើយទឹកក្នុងអាងតាម៉ុក នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានកើនឡើងលើសកម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នចំនួន២តឹក (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន២,៩០ម៉ែត្រ )។ លោកបន្តថា ជំនន់ទឹកភ្លៀងនេះ បានបង្កឲ្យប៉ះពាល់ដល់ស្រុកចំនួន៥ ក្នុងនោះស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។

លោកអភិបាលខេត្តបន្តថា ពេលនេះអាជ្ញាធរកំពុងតែចុះធ្វើការត្រួតពិនិត្យ និងយកចិត្តទុកដាក់ ក្នុងនោះក៏មានការជំរុញឲ្យអាជ្ញាធរមូលដ្ឋានចុះធ្វើការត្រួតពិនិត្យពីសំណាក់លោក គន់ គីម។ លោកបន្ថែមថា អាជ្ញាធរកំពុងបន្តការចុះត្រួតពិនិត្យនៅតាមភូមិសង្កាត់ និងតាមផ្លូវលំមួយចំនួនទៀត ដែលអាចរងផលប៉ះពាល់ ហើយអាជ្ញាធរនឹងចុះទៅធ្វើការពិនិត្យដល់កន្លែង។ យ៉ាងណាមិញ លោកថា ទោះបីជាកម្រិតទឹកជំនន់មានការកើនឡើងខ្ពស់ ប៉ុន្តែនៅមិនទាន់បង្កផលប៉ះពាល់ខ្លាំងដល់លំនៅដ្ឋានប្រជាពលរដ្ឋនោះឡើយ គ្រាន់តែរងការជន់លិចផ្លូវមួយចំនួនតែប៉ុណ្ណោះ។

ចំណែកបណ្តោយផ្លូវនៅតាមក្រវ៉ាត់ព្រំដែនវិញ លោកអភិបាលខេត្តឲ្យដឹងថា មានការជន់លិចផ្លូវលំមួយចំនួនតូចផងដែរ នេះបើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានដែលបានរាយការណ៍មកជូនលោក ។

គួរជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសផ្អាកការធ្វើចរាចរបណ្ដោះអាសន្ន ឆ្លងកាត់ស្ពានបឹងតាម៉ុក ដែលឆ្លងកាត់អាងទឹកតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទន្ទឹមនឹងនេះ ក្រសួងសូមឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយត្ន័ឲ្យបានខ្ពស់ ចំពោះសុវត្ថិភាពរបស់ក្មេងតូចៗ មើលថែកុំឲ្យលេងទឹកផ្តេសផ្តាស ដែលអាចនឹងកើតមានគ្រោះថ្នាក់ជាយថាហេតុបានគ្រប់ពេលវេលា ជាពិសេសនោះគឺការធ្វើដំណើរតាមដងផ្លូវដែលមានទឹកជន់លិច សូមប្រុងប្រយត្ន័ឲ្យបានខ្ពស់ ដើម្បីសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ៕

ទឹកជំនន់

ទឹកជំនន់២

ទឹកជំនន់៣

ទឹកជំនន់៤

ទឹកជំនន់៥

ទឹកជំនន់៦

ទឹកជំនន់៧

មតិយោបល់