ភ្នំពេញៈ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានផ្តល់ព័ត៌មានថា ពលរដ្ឋខ្មែរ២៦នាក់(ប្រុស១១នាក់-ស្រី១៥នាក់) ក្នុងនោះមនុស្សចាស់៧នាក់ និងកុមារ១៩នាក់ ដែលចូលទៅសុំទាននិងលក់ឆ្នោតខុសច្បាប់ក្នុងប្រទេសវៀតណាម ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន ប្រមូលផ្តុំ និងផ្គត់ផ្គង់អាហារនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសង្គម ទីក្រុងហូជីមិញ។ ក្នុងចំណោមពលរដ្ឋទាំងនោះ ២៤នាក់ មានស្រុកកំណើតនៅខេត្តស្វាយរៀង ១នាក់មកពីខេត្តកណ្តាល និង១នាក់ទៀតមកពីខេត្តកំពង់ស្ពឺ។
មន្រ្តីស្ថានអគ្គកុងស៊ុល បានសួរសុខទុក្ខពលរដ្ឋខ្មែរទាំង២៦នាក់ ហើយសហការជាមួយមន្ទីរសង្គម កិច្ចទីក្រុងហូជីមិញ និងមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង គ្រោងបញ្ជូនមកកម្ពុជាវិញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៦ តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ-បាវិត ដើម្បីប្រគល់ជូនមន្ទីរសង្គមកិច្ច ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦នេះ មានពលរដ្ឋខ្មែរចូលទៅសុំទាន និងលក់ឆ្នោតខុស ច្បាប់ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន សរុបចំនួន១៦៨នាក់ គិតទាំងលើកនេះផង។
ដោយឡែកនៅប្រទេសថៃវិញ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានរាយការណ៍ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងករណីពលករខ្មែរ១៩នាក់ ត្រូវចាប់ឃុំខ្លួននៅខេត្តណារ៉ាធីវ៉ាត់ (Narathiwat) កាលពីថ្ងៃទី ៧ មិថុនា ២០១៦ ពីបទចូលមកប្រទេសថៃ និងធ្វើការខុសច្បាប់។
ក្រោយពីមានអន្តរាគមន៍ពីស្ថានទូតឲ្យដោះលែងពលករទាំងនេះ ដោយសារពួកគាត់ជាជនរងគ្រោះចាញ់បោកមេខ្យល់ ពលករ១៨នាក់ក្នុងចំណោមពលករខាងលើ ត្រូវបានផ្ទេរទៅមន្ទីរថែរក្សាជនរងគ្រោះពីការជួញដូរមនុស្ស ខេត្តណារ៉ាធីវ៉ាត់។ ករណីពលករឈ្មោះ ប៊ុន ឡា ត្រូវជាប់ចោទបទល្មើសបន្ថែមទៀត ដោយមានថ្នាំញៀន អំហ្វេតាមីនចំនួន ៣០០គ្រាប់ ត្រូវនៅបន្តជាប់ឃុំក្នុងពន្ធនាគារខេត្តដដែល។ សមត្ថកិច្ចថៃ ក៏បានចាប់ខ្លួនជនសង្ស័យជាមេខ្យល់ផងដែរ។
នៅថ្ងៃទី១៦ កញ្ញា ២០១៦ កន្លងទៅនេះ លោក ជៀម ឡាម៉ាទីន ទីប្រឹក្សាទទួលបន្ទុកកិច្ចការពលកររបស់ស្ថានទូតកម្ពុជា រួមដំណើរដោយញាតិមិត្តរបស់ពលករខាងលើ បានចុះទៅសួរសុខទុក្ខពួកគាត់ចំនួន១៨នាក់។ ក្នុងឱកាសជំនួបនេះ ស្ថានទូតទទួលបានព័ត៌មានថ្មីថាពលករទាំងអស់មិនបានទទួលប្រាក់កំរៃពលកម្មទេ ក្នុងអំឡុងពេលធ្វើការងារដោយបង្ខំនៅលើទូក។ តាមសំណើរបស់មន្រ្តីស្ថានទូត សមត្ថកិច្ចប៉ូលិសថៃបានឯកភាពបញ្ចូលចំណុចនេះនៅក្នុងកំណត់ហេតុរបស់ប៉ូលិសបញ្ជូនទៅតុលាការ ដើមី្បទាមទារការទូទាត់សំណងដល់ពលករទាំងអស់។ ស្ថានទូត នឹងស្នើការិយាល័យការពារសិទ្ធនិងអត្ថប្រយោជន៍ពលករនៃមន្ទីរការងារខេត្តណារ៉ាធិវ៉ាត់ ឲ្យជួយអន្តរាគមន៍ជំរុញសំណុំរឿងប្តឹងទាមទារសំណងនេះផងដែរ។
ដោយឡែក កាលពីថ្ងៃទី ២០កញ្ញា ២០១៦ ស្ថានទូតបានចាត់ លោក ជៀម ឡាម៉ាទីន ទីប្រឹក្សាពលករ ទៅជួបជាមួយលោកឧត្តមសេនីយ៍ឯក Sanit Mahathavorn ស្នងការស្តីទីប៉ូលិសក្រុងបាងកក ដែលជាអ្នកទទួលខុសត្រូវចាត់វិធានការលើករណីជួញដូរមនុស្សខាងលើនេះ ដើម្បីស្នើសុំជំរុញដំណើរការកាត់កី្ត ឲ្យជនរងគ្រោះឆាប់បានវិលត្រឡប់ទៅស្រុកវិញ៕
មតិយោបល់