ភ្នំពេញ: ក្នុងពិធីទទួលប្រាក់រង្វាន់ពីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៦ មេសា កីឡាការិនី ស៊ន សៀវម៉ី បានអះអាងថារហូតមកទល់ពេលនេះ នាងនៅតែបន្តបោះបង់ចោលមហាវិទ្យាល័យ ដោយសារតែនាងមិនអាចដកឃ្លាបានពីការប្រកួតតៃក្វាន់ដូ។
យ៉ាងណាក៏ដោយថានាងអះអាងថា មិនបោះបង់ការសិក្សាផ្នែកច្បាប់ដែលនាងស្រឡាញ់តាំងពីធំដឹងក្ដីនោះទេ គឺនៅថ្ងៃណាមួយដែលនាងឈប់សម្រាកពីការចូលប្រកួតគឺពិតជាចូលសាលាវិញ។
ម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះ ប្រចាំទ្វីបអាស៊ីទៅកាន់អូឡាំពិក នៅប្រេស៊ីលរូបនេះ បានអះអាងថាមកទល់ពេលនេះនាងបានសិក្សាដល់ឆ្នាំទី២ផ្នែកច្បាប់ហើយ ប៉ុន្តែបើនិយាយពីការសិក្សាគឺនាងទៅសាលាបានតិចបំផុត ដោយអាចនិយាយបានថាមិនមានគ្រឹះផ្នែកច្បាប់ដែលជាមុខវិជ្ជាក្នុងកម្រិតមហាវិទ្យាល័យនោះឡើយ។
នាងនិយាយថា «ឥឡូវហ្នឹងខ្ញុំឆ្នាំទី២ហើយ ប៉ុន្តែ រយៈពេល២ឆ្នាំហ្នឹងគឺទៅស្គាល់សាលាបានតិចមែនទែន សឹងតែអត់ចេះអីម្មង ដោយសារតែខ្ញុំជាប់ប្រកួតតែអញ្ចឹង!»។ នាងថាក្នុងឆ្នាំទី១គ្រាន់បានចូលសាលាជួបមុខគ្រូខ្លះ ប៉ុន្តែសម្រាប់ឆ្នាំទី២វិញ គឺសឹងតែអត់ស្គាល់មហាវិទ្យាល័យតែម្ដង ដោយសារតែតាំងពីដើមឆ្នាំរហូតមកទល់នឹងពេលនេះ គឺជាប់ប្រកួតរហូតដោយអស់ពីត្រូវប្រកួតក៏ត្រូវហ្វឹកហាត់ជាដើម។
ជាក់ស្ដែងទើបតែបានប្រកួតចប់នៅហ្វីលីពីននាងក៏ត្រូវត្រៀមខ្លួនទៅហ្វឹកហាត់រយៈពេល២ខែនៅប្រទេសកូរ៉េខាងត្បូង និងត្រូវត្រៀមខ្លួនទៅប្រកួតអូឡាំពិករហូតដល់ពាក់កណ្ដាលខែ៨ទៀត។ នាងថានាងត្រូវទៅហ្វឹកហាត់នៅថ្ងៃទី១៦ ឧសភា ខាងមុខនេះហើយ ហើយក៏សារភាពថាមិនមានអារម្មណ៍ក្នុងការសិក្សាដូចនិស្សិតនៅកម្រិតមហាវិទ្យាល័យផ្សេងទៀតផងដែរ។
នាងថាព្រួយបាម្ភខ្លាចការសិក្សាផ្នែកច្បាប់មិនមានលទ្ធផលល្អដូចគ្នានឹងការប្រកួតកីឡាដែលធ្វើបានល្អនោះដែរ ប៉ុន្តែមកពីនាងអាចឈោងចាប់ទាំងពីរបានទើបត្រូវតែទម្លាក់ចោលការសិក្សាផ្នែកច្បាប់មួយឡែកហើយស្រវាកីឡាមួយអន្លើ។
នាងនិយាយថា«ការពិតខ្ញុំស្រឡាញ់ច្បាប់(មុខវិជ្ជាច្បាប់) តែតាមមើលខ្ញុំរៀនរាល់ថ្ងៃមិនដឹងថាប្រើការឬអត់ទេ យ៉ាងណាក៏ដោយសម្រាប់ខ្ញុំឲ្យតែចប់ការប្រកួតគឺចូលសាលាវិញហើយ ដោយសារខ្ញុំចង់រៀនច្បាប់ឲ្យចប់!»។ នាងថាបើមានឱកាសនាងនឹងធ្វើការងារផ្នែកច្បាប់នាពេលអនាគត ប៉ុន្តែក៏ប្រហែលជាចាប់អារម្មណ៍ជាគ្រូបង្វឹកកីឡាក្រោយពេលការប្រកួតតៃក្វាន់ដូប្រកួតលែងកើតផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីទទួលប្រាក់រង្វាន់ក្រោមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស៊ន សៀវម៉ី ទទួលបានលុយសរុបចំនួន៩៣លានរៀល ដោយ៨០លានរៀលសម្រាប់មេដាយមាសដែលនាងទទួលបាន និង១៣លានរៀលសម្រាប់មេដាយប្រាក់ពីការប្រកួតនៅក្នុងប្រទេសហ្វីលីពីន។ ក្នុងនោះគ្រូបង្វឹករបស់នាងគឺ ឆយ យ៉ុងសុក ទទួលបាន៩៣លានរៀលដូចគ្នា និងអ្នកស្រី ឈឿង ពុទ្ធារី ទទួលបាន១១លានរៀល។
សៀវម៉ី នឹងចាកចេញទៅហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េនៅថ្ងៃទី១៦ ឧសភា ដោយគ្រោងត្រលប់មកវិញនៅពាក់កណ្ដាលឬចុងខែកក្កដា ហើយបន្តទៅកាន់ប្រទេសប្រេស៊ីលដើម្បីទៅប្រកួតនៅព្រឹត្តិការណ៍អូឡាំពិក៕
មតិយោបល់