ភ្នំពេញៈ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រុមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បានបើកសវនាការជាសាធារណៈជាលើកទី៣ ដើម្បីជំនុំជម្រះទោសជនជាប់ចោទប្រុសស្រីចំនួន ៣នាក់ ពាក់ព័ន្ធសំណុំរឿង ក្លែងបន្លំឯកសារ បន្លំយកលុយក្រុមហ៊ុនអស់ជិត១លានដុល្លារ។
ជនជាប់ចោទទី១ឈ្មោះ ង៉ុយ សុធេម ភេទប្រុស អាយុ ៣៣ឆ្នាំ តួនាទីជា មន្ត្រីឥណទាន ទី២ឈ្មោះ គុយ ម៉េងហ័ង ភេទប្រុស (កំពុងរត់គេចខ្លួន) និងទី៣ឈ្មោះ សៀ ទិត្យាមាលា ហៅស្រីពៅ ភេទស្រី អាយុ ៤៣ឆ្នាំ តួនាទីជា ប្រធានសាខា(ចេនឡា) របស់ក្រុមហ៊ុនបញ្ចាំ Cach You Up ត្រូវបានលោក ស៊ិន វីរៈ តំណាងអយ្យការចោទប្រកាន់ជនជាប់ចោទទី១ និងទី២ពីបទ ក្លែងបន្លំឯសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទឆបោក ចំណែកជនជាប់ចោទទី២ ពីបទ សមគំនិតក្នុងអំពើ ក្លែងបន្លំឯសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទឆបោក ប្រព្រឹត្តអំឡុងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ បទល្មើស ដែលមានចែងឱ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា២៩ មាត្រា ៣៧៧ មាត្រា ៣៧៨ មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការនារសៀលនេះជនជាប់ចោទឈ្មោះ ង៉ុយ សុធេម បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តំណាងអយ្យការនោះទេ។ ជនជាប់ចោទបន្តថា ខ្លួនបានស្គាល់ជនជាបលចោទឈ្មោះ គុយ ម៉េងហ័ង ជាអ្នកគក់ជេដី ហើយក្រុមហ៊ុនបញ្ចាំ Cash You Up បានចេញលិខិតទទួលស្គាល់ឈ្មោះនេះជាដៃគូរកអតិថិជន ដើម្បីយកប្លង់ដីមកបញ្ចាំ។ ជនជាប់ចោទរូបនេះបានបដិសេធថា ខ្លួនមិនដឹងរឿង លិខិតផ្ទេរកម្មសិទ្ធិដីធ្លីក្លែងក្លាយ ដែលឈ្មោះ គុយ ម៉េងហ័ង យកមដាក់ពាក្យសុំខ្ចីប្រាក់ពីក្រុមហ៊ុននោះទេ។
ចំណែកជនជាប់ចោទឈ្មោះ សៀ ទិត្យាមាលា ហៅពៅ បានបដិសេធថាខ្លួនមិនបានចញលរួមជាមួយឈ្មោះ ង៉ុយ សុធេម និងឈ្មោះ គុយ ម៉េងហ័ង ក្នុងការរៀបចំឯកសារបន្លំឆបោកលុយក្រុមហ៊ុននោះទេ។ យោងតាមតំណាងក្រុមហ៊ុនបញ្ចាំ Cash You Up បានបញ្ជាក់នៅក្នុងសវនាការថា ក្រុមហ៊ុនបានខូចខាតលុយសុទ្ធចំនួន ៨៦ម៉ឺនដល្លារ ក្នុងករណីបុគ្គលិក និងបក្ខពួកបន្លំឯការឆបោកនេះ ដូច្នេះក្រុមហ៊ុនបានប្តឹងទាមទារប្រាក់បាត់បង់ ៨៦ម៉ឺនដុល្លារ និងសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ។
បើយោងតាមការបញ្ជាក់របស់អង្គសវនាការ ជនជាប់ចោទត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនមកតុលាការក្រុងភ្នំពេញដើម្បីសម្រេចឃុំខ្លួននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥។ នៅមុនពេលបញ្ជូនសំណុំរឿងមកតុលាការដើម្បីចាត់ការនោះ ក្រុមហ៊ុនបាន ធ្វើលិខិតឱ្យឈ្មោះ ង៉ុយ សុធេម ផ្ទេរកម្មសិទ្ធិផ្ទះ សម្ភារក្នុងផ្ទះ តម្លៃប្រមាណ ៣៥០០០ដុល្លារ ម៉ូតូម៉ាកហុងដា C125 តម្លៃប្រមាណ ២០៥០ ដុល្លារ និងប្រគល់លុយសុទ្ធចំនួន ១២.០០០ដុល្លា ឱ្យក្រុមហ៊ុន។ ដោយឡែកជនជាប់ចោទឈ្មោះ សៀ ទិត្យាមាលា ហៅពៅ ក៏ត្រូវបានក្រុមហ៊ុនធ្វើលិខិតប្រគល់លុយសុទ្ធចំនួន ៦០.០០០ដុល្លារឱ្យក្រុមហ៊ុនផងដែរ។ សំណុំរឿងមួយនេះនឹងត្រូវតុលាការប្រកាសសាលក្រមនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ខាងមុខ៕
https://youtu.be/aKhTb3Re11U
មតិយោបល់