អចលន​ទ្រព្យ

ខេត្តក្រចេះ នឹងមានស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ បន្ទាប់ពី សាកលវិទ្យាល័យក្រចេះ

នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «សាកលវិទ្យាល័យក្រចេះ» ដែលស្ថិតនៅក្នុងទីរួមខេត្ត ក្រចេះ។

សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគវិភាគទានដ៏ថ្លៃថ្លាពី សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយមូលនិធិឧត្តមសិក្សាក្រចេះ និងហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីងប្រធានាធិបតីចិន ក្នុងនោះគឺ មូលនិធិសម្តេចតេជោជាង ២លានដុល្លារ និងថវិកាមិត្តចិនប្រមាណ ១០លានដុល្លារ ដែលសរុបការការចំណាយទាំងអស់គឺ ១២លានដុល្លារ។

សមិទ្ធផលនៅ សាកលវិទ្យាល័យដែលកសាងបាននៅពេលនេះមានជារួម: អគារបណ្ណាល័យ ១ខ្នង អគារវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា ១ខ្នង អគារសាកលវិទ្យាធិការដ្ឋាន ១ខ្នង អគារវិទ្យាស្ថានមច្ឆវិទ្យា១ខ្នង អគារអភិសាល១ខ្នង អគារសិក្សា២ខ្នង អគារពិសោធន៍២ខ្នង អគាររោងជាង១ខ្នង អគារអាហារដ្ឋាន១ខ្នង អគារផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយអគ្គិសនី ១ខ្នង។

កម្ពុជាបានចាប់ផ្តើមពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះ តិចបង្រៀនអ្នកមិនចេះសោះ រហូតមកដល់ពេលនេះយើងបានពង្រាយគ្រូបង្រៀនស្ទើរគ្រប់ទីកន្លែងដើម្បីបណ្តុះបណ្តាលធនធានមនុស្សអោយរីកលូតលាស់ទៅមុខ។

សាកលវិទ្យាល័យនេះមិនត្រឹមតែអ្នកនៅខេត្តក្រចេះទេអាចរៀនបាន សូម្បីអ្នកនៅកំពង់ចាម និងខេត្តដ៏ទៃទៀតក៏អាចមករៀននៅទីនេះបានដែរ។

កម្ពុជាត្រូវការ កសាងសាលារៀន និងអគារស្នាក់នៅរបស់គ្រូ និងសិស្សបន្តែមទៀតតាមតំបន់ និងបណ្តា ខេត្តនានា ក្នុងការបំពេញតម្រូវការនៃការខ្វះខាតក្នុងការអភិវឌ្ឍវិស័យអប់រំ អោយមានការរីកចម្រើនតទៅមុខទៀត។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថានៅថ្ងៃខាងមុខ កម្ពុជានឹងសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គនៅលើទឹកដីខេត្តក្រចេះ ដើម្បីផ្សាភ្ជាប់ទំនាក់ទនងររវាងខេត្តនេះទៅកាន់បណ្តាខេត្តផ្សេងៗ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយ សម្រួលដល់ការងារ និងជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែប្រសើរឡើង៕

មតិយោបល់