នាពេលកន្លងមក ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani បានបដិសេធ សំណើរ ១លានអឺរ៉ូរបស់ក្រុម Paris Saint Germain ក្នុងការប្រគល់តួនាទីទាត់បាល់ ១១ម៉ែត្រឲ្យទៅខ្សែប្រយុទ្ធប្រេស៊ីល Neymar ខណៈកីឡាកររូបនេះ នៅតែបន្តបង្ហាញខ្លួន បានយ៉ាងល្អឲ្យក្រុម Paris Saint Germain ដដែល។
បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ការបដិសេធ ១លានអឺរ៉ូ នេះ Cavani កំពុងតែសម្លឹងឃើញក្រុមតោខៀវ Chelsea ដែលកំពុងតែចាប់អារម្មណ៍ចង់បាន កីឡាកររូបនេះយ៉ាងខ្លាំង។ ជាក់ស្តែងណាស់ Chelsea ពិតជាចង់បានខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះយ៉ាងខ្លាំង ព្រោះថា Cavani មានភាពរឹងមាំ និងពូកែស៊ុតបាល់ទាំងជិត និងឆ្ងាយ។ Chelsea ធ្លាប់បានចាប់អារម្មណ៍ Cavani តាំងពីឆ្នាំ ២០១២ និង ២០១៣មកម្លេះ តែក្លិបអង់គ្លេសនេះ មិនទទួលបានជោគជ័យឡើយ បន្ទាប់ពី Cavani បានសម្រេចចិត្តទៅចូលរួមជាមួយក្រុម Paris Saint Germain ។
យ៉ាងណាវិញ ក្រោយពីកើតមានជម្លោះបន្តិចបន្តួច ជាមួយ Neymar និងការអាក់អន់ស្រពន់ចិត្តរបស់ Cavani រួចមក Chelsea បានសម្លឹងឃើញឱកាសក្នុងការ ចង់បានកីឡាករវ័យ ៣០ឆ្នាំរូបនេះឡើងវិញ។ Chelsea នឹងព្យាយាម ប្រមាញ់ Cavani នៅទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ ដើម្បីយកមកចាប់ដៃគូជាមួយខ្សែប្រយុទ្ធអេស្ប៉ាញកំពុងឡើងជើង Alvaro Morata នាពេលខាងមុខនេះ។ ជាងនេះទៅទៀត បើនិយាយពី Cavani វិញ ក៍ដូចជាពេញចិត្ត ចំពោះការផ្លាស់មកកាន់ Chelsea យ៉ាងខ្លាំង ស្របពេលរូបគេបានការបដិសេធ មិនទទួលទឹកប្រាក់ ១លានអឺរ៉ូនេះដែរ ប្រហែលជា Edinson Cavani ចង់ផ្លាស់មកកាន់ Chelsea ទេដឹង។
ដូច្នេះហើយ ប្រសិនបើ Cavani ពិតជាផ្លាស់មកកាន់ Chelsea មែននោះ នោះប្រព័ន្ធប្រយុទ្ធដែលមាន Cavaniនិង Morata ពិតជាកក្រើក Premier League ជាក់ជាមិនខានឡើយ។



មតិយោបល់