លោក Vichai Srivaddhanaprabha ដែលជាជនជាតិថៃ ម្ចាស់ក្លឹប Leicester City បានចេញមុខមកបញ្ជាក់ថាខ្សែបម្រើប្រយុទ្ធ Riyad Mahrez មិនមែនសម្រាប់លក់ក្នុងរដូវកាលនេះទេ បើទោះជាឱ្យតម្លៃប៉ុន្មានក៏ដោយ។
ក្លឹប Arsenal ជាអ្នកចង់បាន Mahrez ជាងគេ ដោយធ្លាប់ឱ្យតម្លៃខ្លួនម្ដងជា២ដងមកហើយ ប៉ុន្តែត្រូវក្លឹបដែលមានម្ចាស់ជាជនជាតិថៃមួយនេះបដិសេធរហូត។ ខណៈដែលពេលប្រកួតចប់ជាមួយក្រុម Barcelona កាលពីម្សិលមិញនេះ ម្ចាស់ក្លឹបលោក Vichai បានចេញមកអះអាងឱ្យច្បាស់ហើយថាមិនលក់ទេ។
Mahrez កាលពីរដូវកាលមុន បានបង្ហាញទម្រង់លេងគួរឱ្យកត់សម្គាល់មែនទែន ដោយបានជាប់ជាកីឡាករល្អជាងគេនៅលីគកំពូលអង់គ្លេស។ ហេតុដូច្នេះហើយ ទើបបានជាមានក្លឹបជាច្រើនចង់បានរូបគេ។ ខណៈដែលសាមីខ្លួនក៏ធ្លាប់បង្ហាញចំណាប់អារម្មណ៍ទៅលេងនៅក្លឹបធំៗផ្សេងផងដែរ។
រដូវកាលថ្មីខាងមុខនេះ ក្រុម Leicester City មានភារកិច្ចច្រើន ដោយបានទៅលេងពានរង្វាន់ធំជាងគេនៅទ្វីបអឺរ៉ុប UEFA Champions League ផង និងត្រូវការពារតំណែងជើងឯកលីគកំពូលអង់គ្លេសផង។ ដូច្នេះហើយ ទើបបានជាម្ចាស់ក្លឹបមួយនេះ មិនចង់ឱ្យកីឡាករល្អៗចាកចេញទៅណានោះទេ៕
មតិយោបល់