បន្ទាប់ពីបង្ហាញទម្រង់លេងមិនល្អ ស្របពេលអ្នកគាំទ្រមិនសូវលើកទឹកចិត្តផងនោះ ខ្សែប្រយុទ្ធ Neymar ត្រូវបានគេមើលឃើញថាអាចនឹងដើរតាមគន្លងរបស់ Lionel Messi ចាកចេញពីក្រុមជម្រើសជាតិប្រេស៊ីល ក្រោយចប់ព្រឹត្តិការណ៍អូឡាំពិកនេះ។
Neymar ជាកីឡាករសំខាន់សម្រាប់ក្រុម U23 ប្រេស៊ីល ក្នុងការប្រកួតប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅដែលកំពុងតែចាប់ផ្ដើមនេះ។ យ៉ាងណាមិញ ជាលទ្ធផលហាក់មិនគាប់ចិត្តរបស់អ្នកគាំទ្រនោះទេ ត្បិតអី២ប្រកួតក្នុងពូលកន្លងមកនេះ គឺប្រេស៊ីលបានត្រឹមតែស្មើទាំងពីរប្រកួត។ ខណៈដែលប្រកួតចុងក្រោយរបស់ពួកគេប៉ះដេណឺម៉ាក់ ប្រសិនបើមិនអាចរកឃើញជ័យជម្នះទៀតនោះ ប្រាកដជាត្រូវធ្លាក់ត្រឹមវគ្គចែកពូលនេះហើយ។
ដោយសារតែមើលឃើញដូច្នេះហើយ ទើបបានធ្វើជាឱ្យមានមតិមួយចំនួនយល់ឃើញថា ដោយសារតែអ្នកគាំទ្របង្ហាញកាយវិការមិនសមរម្យនិងរិះគន់ទម្រង់លេងរបស់ខ្សែប្រយុទ្ធ Barcelona រូបនេះផងនោះ មិនយូរនោះទេ រូបគេអាចនឹងបញ្ចប់អាជីពជម្រើសជាតិត្រឹមនេះហើយ។
ទាក់ទងនឹងបញ្ហានេះដែរ លោក Rogerio Micale គ្រូបង្វឹកក្រុមប្រេស៊ីលបាននិយាយថាអ្នកគ្រប់គ្នាគួរតែមានមោទនភាពចំពោះកីឡាករ Neymar ដែលបានជួយជម្រើសជាតិច្រើន។ បើទោះបីជារូបគេមិនទាន់អាចជួយក្រុមលើកពានមែន ប៉ុន្តែមានរឿងជាច្រើនទៀតដែលអ្នកគាំទ្រត្រូវកោតសរសើរកីឡាករវ័យ២៣ឆ្នាំរូបនេះ៕
មតិយោបល់