មនុស្សចំនួន ៧នាក់បានស្លាប់ នៅក្នុងស្ថានការណ៍ជ្រួលច្របល់នៅឯព្រលានយន្តហោះក្រុងកាប៊ុល
យោធាអង់គ្លេស ប្រកាសនៅថ្ងៃអាទិត្យ ទី២២ សីហានេះថា មានជនស៊ីវិលអាហ្វហ្កានីស្ថានចំនួន ៧ នាក់បានស្លាប់នៅក្នុងចំណោមហ្វូងមនុស្សដ៏ច្រើនកកកុញនៅខាងក្រៅព្រលានយន្តហោះក្រុងកាប៊ុល។ ឧបទ្ទវហេតុនេះកើតឡើងខណៈពេលដែលមនុស្សរាប់ពាន់នាក់ប្រឹងរុលប្រជ្រៀតគ្នាខ្លាំងពេក ដើម្បីតែអាចភៀសខ្លួនចេញពីរបបតាលីបង់។ រយៈពេលមួយសប្តាហ៍ ចាប់តាំងពីដណ្តើមបានអំណាចនៅប្រទេសអាហ្វហ្កានីស្ថានមកវិញ ពួកតាលីបង់បានប្តេជ្ញាថានឹងកែប្រែច្បាប់គ្រប់គ្រងដ៏ឃោរឃៅ និងចាត់វិធានការឆ្ពោះទៅបង្កើតរដ្ឋាភិបាលចម្រុះ។ ក៏ប៉ុន្តែ ប្រជាជនអាហ្វហ្កានីស្ថានដ៏ច្រើនដែលមិនជឿជាក់លើការធានាអះអាងរបស់ពួកតាលីបង់ នៅតែភ័យខ្លាចនិងបន្តព្យាយាមភៀសខ្លួនរហូតបង្កឲ្យមានសោកនាដកម្មនៅឯព្រលានយន្តហោះ។ មានការរត់ជាន់គ្នា ការរងរបួសនៅក្នុងហ្វូងមនុស្សដ៏ច្រើនណែនណាន់តាន់តាប់ដែលរត់ប្រជែងគ្នាដើម្បីបានឡើងយន្តហោះចេញពីអាហ្វហ្កានីស្ថាន។ ដោយសារចំនួនមនុស្សច្រើនពេក កងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តមានការពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍ខ្លាំងណាស់។…