របាយការណ៍ថ្មីជាសេរីមួយចេញផ្សាយនៅថ្ងៃនេះ នៅលើប្លុក SamMobile ដែលតែងផ្តល់ព័ត៌មានលំអិតពិតប្រាកដទាក់ទងទៅនឹងបណ្តាផលិតផល Samsung ដែលមានមិនទាន់បានបញ្ចេញ អះអាងថា ក្រុមហ៊ុនបច្ចេកវិជ្ជាកូរ៉េខាងត្បូង គ្រោងដករន្ធដោតកាសប្រភេទ 3.5 មីល្លីម៉ែត្រ និងប៊ូតុង Home ចេញពីកំពូលស្មាតហ្វូនរបស់ខ្លួនដែលនឹងចេញឆាប់ៗនេះ។ របាយការណ៍ទាំងនោះ ក៏យល់ស្របទៅនឹងព័ត៌មានថ្មីៗស្តីអំពីអេក្រង់ និងលក្ខណៈសម្បត្តិដទៃផ្សេងៗរបស់ស្មាតហ្វូនជំនាន់បន្ទាប់នោះផងដែរ។
ចំពោះការដករន្ធកាសចេញនេះ Samsung នឹងត្រូវគេកត់ចំណាំថា ដើរតាមពីក្រោយគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Apple ដែលបានធ្វើការផ្លាស់ប្តូររន្ធដោតខ្សែកាសដ៏ចំណាស់ចេញ ហើយដាក់ជំនួសដោយរន្ធខ្សែ USB Type-C ក្នុងរន្ធតែមួយជាមួយរន្ធសាកថ្ម សម្រាប់ iPhone 7 របស់ខ្លួនជាលើកដំបូង។
ត្រឡប់ទៅខែកញ្ញា ព័ត៌មានចចាមអារ៉ាមមួយថា Samsung អាចនឹងលុបបំបាត់ខ្សែកាសនេះចេញ ខណៈដែលក្រុមហ៊ុនកំពុងធ្វើការទៅលើរន្ធដោតកម្មសិទ្ធិផ្ទាល់ខ្លួនមួយសម្រាប់ដាក់ជំនួស។
ស្របពេលដែលរបាយការណ៍ពីប្លុក SamMobile នៅថ្ងៃនេះ អះអាងពីការលុបបំបាត់កាស 3.5 មីល្លីម៉ែត្រ របាយការណ៍មួយផ្សេងទៀតចេញផ្សាយលើប្លុកដដែល អះអាងថា Galaxy S8 នឹងបំពាក់រន្ធ USB Type-C ដូច Note 7 អីចឹងដែរ។
ដោយឡែក ចំពោះការដកប៊ូតុង Home ចេញ គឺជាអ្វីដែលក្រុមហ៊ុនផលិតស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android នានា និងក្រុមហ៊ុន Apple ត្រូវបានគេនិយាយថា កំពុងពិចារណាថានឹងចាប់អនុវត្តទៅលើផលិតផលទូរស័ព្ទជំនាន់បន្តបន្ទាប់។
របាយការណ៍នោះបន្ថែមថា ខ្នាតបញ្ចាំងរូបភាពលើអេក្រង់ S8 គឺរក្សានៅទំហំ 2K (2560x 1440 ភិចសែល) ដដែល ហើយជាមួយការដកនូវប៊ូតុង Home ចេញ Samsung ត្រូវបានគេរំពឹងថា នឹងដាក់ជំនួសដោយបន្ទះកញ្ចក់អ៊ុបទិកសម្រាប់ស្គេនក្រយៅដៃលើផ្ទៃអេក្រង់ទូរស័ព្ទតែម្តង។
តាមការរំពឹងទុក Samsung នឹងបង្ហាញវត្តមាន Galaxy S8 នៅក្នុងខែកុម្ភៈ ខាងមុខនេះ នៅឯពិព័រណ៍ Mobile World Congress៕
ប្រភពព័ត៌មាន៖ 9to5google
មតិយោបល់