ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយ Oppo Find 9 មិនត្រឹមតែបំពាក់អេក្រង់គ្មានស៊ុម តែសមត្ថភាពក៏មិនធម្មតា

កាលពីប៉ុន្មានសប្តាហ៍មុន កំពូលទូរសព្ទដៃ Find 9 របស់ក្រុមហ៊ុន Oppo ត្រូវបានគេទម្លាយចេញម្តងរួចមកហើយ នូវរចនាបថនៃអេក្រង់គ្មានស៊ុមនៅគែមសងខាងរបស់វា ហើយថា វានឹងផលិតចេញពីរជម្រើសសមត្ថភាពៈ មួយគឺបំពាក់បន្ទះឈីប Snapdragon 835 Soc ភ្ជាប់ដោយ RAM ទំហំ ៦ ជីហ្គាប៉ៃយ៍ និងអង្គចងចាំជាប់ម៉ាស៊ីនទំហំ ១២៨ ជីហ្គាប៉ៃយ៍ និងមួយទៀតបំពាក់បន្ទះឈីប Snapdragon 653 ភ្ជាប់ដោយ RAM ទំហំ ៤ ជីហ្គាប៉ៃយ៍ និងអង្គចងចាំជាប់ម៉ាស៊ីនទំហំ ៦៤ ជីហ្គាប៉ៃយ៍។

ឥឡូវនេះ មានលេចឮព័ត៌មានក្រៅផ្លូវការថ្មីមួយទៀតបែកធ្លាយចេញពីប្រទេស ចិន ផ្ទាល់ ដោយបានទទួលស្គាល់លក្ខណៈសម្បត្តិលម្អិតខាងលើ ព្រមទាំងបានបញ្ចេញឱ្យដឹងនូវសមាសធាតុផ្សំសំខាន់ៗរបស់ទូរសព្ទមួយចំនួនផ្សេងទៀត។

ប្រភពដដែលបានឱ្យដឹងថា Oppo Find 9 នឹងបំពាក់អេក្រង់កម្រិត ២K ទំហំ ៥.៥ អីុញ ប្រើកាមេរ៉ាទំហំ ២១/១៦ មេហ្គាភិចសែល និងភ្ជាប់មកជាមួយថ្មដែលមានថាមពលរហូតដល់ ៤,១០០ មីល្លីអំព៊ែរ។ ប្រភពដដែលបាននិយាយទៀតថា ទូរសព្ទដៃដែលនឹងចេញនៅឆមាសទីមួយឆ្នាំ ២០១៧ នេះ នឹងប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម VOOC ហើយមានតម្លៃប្រមាណ ៥៨០ ដុល្លារ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Oppo ទើបដណ្តើមតំណែងលេខមួយពីក្រុមហ៊ុន Apple លើចំនួនលក់ស្មាតហ្វូនក្នុងប្រទេសកំណើតរបស់ខ្លួន ក្នុងឆ្នាំ ២០១៦ ជាមួយចំនួនលក់ ១៧ លានគ្រឿង ខណៈក្រុមហ៊ុនអាមេរិកលក់ឆ្លាក់ ២១% មកត្រឹម ១២ លានគ្រឿងប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ androidpure

មតិយោបល់