
កម្មវិធីបណ្តាញសង្គមរូបថត Instagram បន្តដាក់បញ្ចូលមុខងារថ្មីៗ ដែលជាការសំណូមពរពីអតិថិជនប្រើប្រាស់។ មុខងារថ្មីមួយ ដែលក្រុមហ៊ុនបានបញ្ចូលទៅក្នុងកំណែចុងក្រោយបង្អស់នៃកម្មវិធី អាចឲ្យលោកអ្នកធ្វើការរក្សាទុក (Save) វីដេអូដែលផ្សាយផ្ទាល់ (Live) រួច ដាក់ចូលទៅក្នុងទូរស័ព្ទបាន។
បើសិនប្រិយមិត្តធ្លាប់ប្រើប្រាស់កម្មវិធី Instagram អីចឹងលោកអ្នកប្រហែលជាត្រូវស្គាល់មុខងារថ្មីៗ នៃកំណែកម្មវិធីជំនាន់ 10.12 កំពុងដាក់ឲ្យទាញយក ទាំងនៅលើហាងកម្មវិធី AppStore និង Google Play។
ចាប់ពីថ្ងៃនេះទៅ មុខងារ Save វីដេអូផ្សាយផ្ទាល់អាចប្រើប្រាស់បានលើស្មាតហ្វូននានាដើរដោយប្រព័ន្ធ Android និង iOS នាចុងបញ្ចប់នៃការផ្សាយផ្ទាល់វីដេអូ។ ប៊ូតុង Save ស្ថិតនៅផ្នែកខាងលើ កែងខាងស្តាំនៃកម្មវិធី ខណៈពេលដែលការផ្សាយវីដេអូបាននឹងបញ្ចប់។
ទោះជាយ៉ាងណា អ្នកអភិវឌ្ឍន៍កម្មវិធីនេះ បានបង្ហាញថា អ្នកប្រើប្រាស់អាច Save បានតែវីដេអូថតផ្សាយប៉ុណ្ណោះ ដោយមិនរួមបញ្ចូលការ Comments, Likes និងចំនួនអ្នកដែលបានចូលរួមមើល ឬចុចបង្ហាញអារម្មណ៍ក្នុងការផ្សាយវីដេអូនោះឡើយ។
សូមបញ្ជាក់ ក្រោយពេល Save វីដេអូហើយ លោកអ្នកអាចស្វែងរកវាឃើញនៅក្នុង Camera roll ។ បើយោងតាមគេហទំព័រផ្លូវការរបស់ Instagram បានឲ្យដឹងថា នេះគ្រាន់ជាកំណែលើកទីមួយ នៃមុខងារថ្មី និងការធ្វើឲ្យប្រសើរឡើងប៉ុណ្ណោះ ដែលនឹងត្រូវដាក់បញ្ចូលទៅលើ មុខងារផ្សាយផ្ទាល់វីដេអូក្នុងឆ្នាំនេះ៕
ប្រភពព័ត៌មាន៖ phonearena.com
មតិយោបល់