មួយរយៈកាលចុងក្រោយនេះ ក្រុមហ៊ុន Apple បាននិងកំពុងរងការគម្រាមកំហែងពីក្រុមចោរព័ត៌មានវិទ្យា ឬហៅថា Hacker ជាបន្តបន្ទាប់ ទៅលើប្រព័ន្ធសុវត្ថិភាពទិន្នន័យអតិថិជនអ្នកប្រើប្រាស់ទូរសព្ទដៃ iPhone របស់ខ្លួន។ ជាក់ស្តែង នៅសប្តាហ៍មុន ពួក Hacker មួយក្រុមឈ្មោះ Turkish Crime Family បានគម្រាមបំផ្លាញឯកសារអ្នកប្រើប្រាស់ទូរសព្ទ iPhone ជាង ៣០០ លានគ្រឿង តាម iCloud បើក្រុមហ៊ុន Apple មិនព្រមផ្តល់ប្រាក់ចំនួន ៧៥ ពាន់ដុល្លារ ឱ្យពួកគេទេនោះ។
ដោយឡែក ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange បានថ្លែងក្នុងសន្និសីទកាសែតមួយផ្សាយផ្ទាល់តាមបណ្តាញសង្គម Facebook កាលពីដើមខែមីនា នេះថា ខ្លួនកំពុងកាន់កាប់សំណុំឯកសារទាក់ ទងទៅនឹងចំណុចខ្សោយផ្សេងៗនៃប្រព័ន្ធសន្តិសុខរបស់ទូរសព្ទ iPhone ដែលត្រូវបានប្រើដោយភ្នាក់ងារស៊ើបការសម្ងាត់ CIA របស់អាមេរិក ហើយចង់ចែកបន្តផ្តាច់មុខទៅឱ្យក្រុមហ៊ុន Apple ដើម្បីសហការគ្នាជុសជុលភាពចន្លោះប្រហោងទាំងនោះ។
ទោះបីការប្រកាសរបស់មេ Hacker ដ៏ល្បីល្បាញរូបនេះ ហាក់បង្ហាញពីចេតនាល្អក៏ដោយ ប៉ុន្តែ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក មិនស្វាគមន៍ឡើយ។
នៅក្នុងសេចក្តីថ្លែងការមួយតបទៅនឹងការប្រកាសនេះ Apple បាននិយាយថា «យើងនឹងមិនធ្វើការចរចាជាមួយ WikiLeaks ដើម្បីទទួលបានព័ត៌មានណាមួយឡើយ»។ «Julian Assange ក៏ដូចជាចោរព័ត៌មានវិទ្យាដទៃផ្សេងទៀតដែរ…» ក្រុមហ៊ុនបន្ថែម។
កាលពីសប្តាហ៍មុន ស្ថាបនិកគេហទំព័រល្បីខាងទម្លាយឯកសារសម្ងាត់រូបនេះ បានប្រកាសទុកពេល ៩០ ថ្ងៃដល់ក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗរបស់អាមេរិក Apple, Microsoft, និង Google ឱ្យធ្វើការប៉ះប៊ូវចន្លោះប្រហោងសុវត្ថិភាពទិន្នន័យអតិថិជន មុនពេលខ្លួនទម្លាយវាចេញជាសាធារណៈ។
ឆ្លើយតបនឹងការគម្រាមកំហែងទាំងនេះ ក្រុមហ៊ុន Apple បានប្រកាសថា «យើងសុខចិត្តពុះពារគ្រប់ឧបសគ្គក្នុងកិច្ចការពារសន្តិសុខ និងឯកជនភាពអតិថិជនរបស់យើងដោយគ្មានការនឿយហត់ ប៉ុន្តែ យើងមិនយល់ព្រមតាមចោរ ឬសហការជាមួយជនណាដែលគម្រាមកំហែងដល់អតិថិជនរបស់យើងជាដាច់ខាត»។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple តែងប្រកាសជារឿយៗអំពីការប្តេជ្ញាចិត្តប្រឆាំងដាច់ខាតចំពោះជន ឬស្ថាប័នណាដែលចង់បើកកកាយទិន្នន័យឯកជនភាពអ្នកប្រើប្រាស់ផលិតផលរបស់ខ្លួន ហើយភាពទទួលខុសត្រូវខ្ពស់នេះ ត្រូវគេមើលឃើញថា ទទួលបានការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន៕

ប្រភពព័ត៌មានៈ businessinsider
មតិយោបល់