កុមារីកម្ពុជាមួយក្រុមដែលមានសមាជិក ៥ នាក់ រចនា App ឬកម្មវិធីសម្រាប់ទូរសព្ទដៃមួយមានឈ្មោះ Cambodia Identity Product បានមានឱកាសឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Technovation World Pitch Summit 2017 ដែលប្រព្រឹត្តឡើងនៅតំបន់ Silicon Valley ទីក្រុងសេនហ្វ្រេនស៊ីស្កូ សហរដ្ឋអាមេរិក នាពេលថ្មីៗកន្លងទៅនេះ។ នេះបើយោងតាមទំព័រ Facebook របស់អង្គការ USAID Cambodia បង្ហោះផ្សាយនៅថ្ងៃទី ១៤ សីហា។
ក្រុមក្មេងស្រីវ័យត្រឹម ១១ និង ១២ ឆ្នាំទាំងនេះ បានហោះឆ្លងមហាសាគរប៉ាស៊ីហ្វិក ទៅកាន់ទីក្រុងបច្ចេកវិទ្យាធំបំផុតរបស់អាមេរិក បានថ្លែងក្នុងបទបង្ហាញរួមគ្នាមួយថា ការរចនាកម្មវិធី Cambodia Identity Product គឺធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមជួយកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុកនៅកម្ពុជា។
ពួកគេបាននិយាយថា៖ «យើងសម្រេចបង្កើតកម្មវិធីនេះឡើង គឺក្នុងគោលបំណងជួយអ្នកលក់ស្វែងរកទីផ្សារ បង្កើតការងារនៅតាមរោងចក្រ និងបង្កើនចំណូល ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា»។ នេះបើយោងតាមវីដេអូឃ្លីបមួយបង្ហោះផ្សាយនៅលើទំព័រ Facebook របស់អង្គការដដែល។ ក្រុមក្មេងស្រីដែលមកពីមជ្ឈមណ្ឌលសិក្សា Liger នៅកម្ពុជា បានបន្ថែមថា App នេះ ក៏បង្កើតឡើងដើម្បីកាត់បន្ថយជនចំណាកស្រុកកម្ពុជា ផងដែរ»។
យោងតាមប្រភពព័ត៌មានពីវិទ្យុសំឡេងសហរដ្ឋអាមេរិក ក្រុមកុមារីសរសេរកូដកុំព្យូទ័រកម្ពុជាទាំងនេះ បានក្លាយជាឧទាហរណ៍មួយដែលអាចជួយជំរុញទឹកចិត្តដល់កុមារី និងស្រី្តផ្សេងទៀតនៅក្នុងពិភពលោក ដែលប្រាថ្នាចាប់យកអាជីពក្នុងវិស័យបច្ចេកវិទ្យា។
ទោះយ៉ាងណា បើតាមសេចក្តីរាយការណ៍របស់ VOA ពួកគេមិនបានឈ្នះពាន់រង្វាន់ Technovation ដែលរៀបចំឡើងដោយក្រុមហ៊ុនអីុនធើណែតយក្ស Google នោះទេ ដោយពាននេះ បានធ្លាក់ទៅលើក្រុមមកពីទីក្រុងហុងកុង។ ប៉ុន្តែ ដោយបានឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ ពួកគេក៏ទទួលបានអាហារូបករណ៍ចំនួន ៥០០០ ដុល្លារ ត្រឡប់មកស្រុកវិញផងដែរ៕
មតិយោបល់