ព័ត៌មានបច្ចេកវិទ្យា

ធ្លាយមុខងារ Face ID លើ​ iOS 11 បង្ហាញពីដំណើរការស្គេនផ្ទៃមុខ

មុខងារដ៏ចម្បងមួយ ដែលគេជឿថានឹងមានដាក់បញ្ចូលនៅលើប្រព័ន្ធ iOS 11 បានបន្តបែកធ្លាយថែមទៀត ហើយវារឹតតែច្បាស់ឡើងខណៈថ្ងៃប្រកាសចេញទូរសព្ទដៃ iPhone ស៊េរីថ្មី នៅសល់ត្រឹមតែពីរថ្ងៃ។

Face ID របស់ក្រុមហ៊ុន Apple បើតាមព័ត៌មានចុងក្រោយបង្អស់ បានបង្ហាញកាន់តែច្បាស់ពីដំណើរការរបស់វា ក្នុងការថតសម្គាល់លើផ្ទៃមុខមនុស្ស។

អ្នកអភិវឌ្ឍប្រព័ន្ធ iOS សញ្ជាត្តិប្រេស៊ីលម្នាក់ បានបង្ហោះរូបថតពីរបីសន្លឹង រួមជាមួយវីដេអូដ៏ខ្លីមួយនៅលើទំព័រ Twitter របស់ខ្លួន ស្តែងឱ្យឃើញពីការដំណើរការរបស់ Face ID ដោយវាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសថាតើ ចង់ប្រើមុខងារនេះសម្រាប់ដោះសោលើ iPhone, Safari Autofill, AppStore ឬ iTunes ឬក៏អត់។

ចំណែកនៅក្នុងវីដេអូ ក៏មានបង្ហាញពីអេក្រង់ទូរសព្ទកំពុងធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណផ្ទៃមុខអ្នកប្រើប្រាស់ នៅពេលគេបែរមុខចំកាមេរ៉ាមុខសម្រាប់ការចុះឈ្មោះជាលើកដំបូង។

ប្រាកដណា គ្មានប្រភពផ្លូវការណាបញ្ជាក់ថាព័ត៌មាននេះពិតនោះទេ ប៉ុន្តែ ការចង្អុលបង្ហាញ និងដំណើរការកំណត់លើផ្ទៃអេក្រង់ ពិតជាស៊ីគ្នាទៅនឹងព័ត៌មានចចាមអារ៉ាមកន្លងខ្លាំងណាស់។

ទោះយ៉ាងណា ការពិតនឹងត្រូវបានលាតត្រដាងនៅថ្ងៃទី ១២ កញ្ញា ជាមិនខាន!​ ដូច្នេះ សូមប្រិយមិត្តកុំភ្លេចតាមដានជាមួយ Post Tech ទាំងអស់គ្នា៕

ប្រភពព័ត៌មាន mashable

មតិយោបល់