ទីបំផុត Microsoft ចេញ Edge សម្រាប់ iPhone និង Android ហើយ!

ប្រិយមិត្តដែលនិយមប្រើប្រាស់កម្មវិធី Microsoft Edge លើប្រព័ន្ធ Windows ឥឡូវអាចបំភ្លេចកម្មវិធី Safari និង Chrome លើទូរសព្ទ iPhone និង Android របស់ខ្លួនបានហើយ។ អាចបំភ្លេចបានក៏ដោយសារតែម្សិលមិញ ក្រុមហ៊ុនបានចេញកម្មវិធី Browser នេះលើ App Store និង​ Play Store សម្រាប់​ទាញយកទៅប្រើលើឧបករណ៍ចល័តដើរដោយប្រព័ន្ធ iOS និង​ Android ដោយសេរីជាហើយ។

សម្រាប់លោកអ្នកដែលកំពុងប្រើកម្មវិធី Edge នេះលើកុំព្យូទ័រ ហើយប្រើវានៅលើទូរសព្ទដៃទៀត នឹងទទួលបានអត្ថប្រយោជន៍បានកាន់តែច្រើន ធៀបនឹងការប្រើកម្មវិធី Safari ឬ Chrome។ តួយ៉ាងដូចជា វានឹងផ្ទេរទៅមក (Syncs) ពីកម្មវិធីលើកុំព្យូទ័រ និងទូរសព្ទ នូវលេខកូដសម្ងាត់ អាសយដ្ឋានគេហទំព័រដែលលោកអ្នកចូលចិត្តបើកមើល និងប្រវត្តិអាសយដ្ឋានដែលបានរុករក ជាដើម។

លើសពីនេះ Microsoft Edge សម្រាប់ទូរសព្ទចល័ត ក៏ំមានបង្កប់មុខងារអាន QR Code និងបញ្ជាដោយសំឡេងផងដែរ។​ ប៉ុន្តែ ផ្ទាំងកម្មវិធីរបស់វាមិនទាន់អាចគាំទ្រពេញលេញជាមួយមាត្រដ្ឋានអេក្រង់ ១៩.៥:៩ របស់ iPhone X នៅឡើយទេ។ ដូច្នេះ លោកអ្នកនឹងឃើញគែមអេក្រង់ខាងលើ អមសងខាងកាមេរ៉ាមុខបន្សល់ទុកនៅពណ៌ខ្មៅ លុះត្រាលោកអ្នកបញ្ចូលកម្មវិធីសម្រាប់កែវា ឬរង់ចាំកំណែកម្មវិធីលើកក្រោយៗទៀត៕

ប្រភពព័ត៌មានៈ phonearena

មតិយោបល់