យោងតាមរបាយការណ៍ពី Bloomberg ក្រុមហ៊ុន Apple កំពុងបង្កើតនាឡិកាដៃបច្ចេកវិទ្យាវៃឆ្លាតសម្រាប់អនាគត ដែលមានភ្ជាប់មកជាមួយស្រាប់នូវឧបករណ៍សម្រាប់វាស់ស្ទង់ចង្វាក់បេះដូងឈ្មោះថា EKG ឬ Electrocardiography។
ប្រភពដដែលបន្ថែមថា នាឡិកាដៃទំនើបនោះ នឹងមានលក្ខណៈពិសេសអាចតាមដានចង្វាក់បេះដូងរបស់អ្នកពាក់ក្នុងមួយនាទី ប៉ុន្តែ វាត្រូវការបំពាក់បន្ថែមនូវឧបករណ៍ EKG ដែលកំពុងត្រូវបានប្រើជាទូទៅនៅតាមមន្ទីរពេទ្យ សម្រាប់វាស់ស្ទង់ចង្វាក់បេះដូងមិនប្រក្រតី ដែលអាចបណ្តាលឱ្យមានបញ្ហាគាំងបេះដូង។
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកកំពុងធ្វើការជាមួយឧបករណ៍អាន EKG ដែលទទួលស្គាល់ដោយភ្នាក់ងារសហព័ន្ធ FDA (Food and Drug Administration) នៃក្រសួងសុខាភិបាលរបស់សហរដ្ឋអាមេរិក ក្នុងទម្រង់ជាកងដៃវៃឆ្លាត ឬហៅថា Smart Band។ ប៉ុន្តែ ក្រុមហ៊ុនអាចនឹងផ្លាស់ប្តូរចិត្ត ដោយច្របាច់បញ្ចូលមុខងារនេះទៅក្នុងនាឡិកាដៃដោយផ្ទាល់វិញ ដើម្បីឱ្យមនុស្សកាន់តែច្រើនអាចប្រើប្រាស់វាបាន។
មែនទែនទៅ Apple Watch សព្វថ្ងៃក៏អាចប្រើដើម្បីស្ទង់ចង្វាក់បេះដូងផងដែរ។ កន្លងមកមានអ្នកពាក់ម្នាក់ថា នាឡិកាដៃក្រុមហ៊ុន Apple បានជួយជីវិតគាត់ បន្ទាប់ពីវាវាស់ដឹងបេះដូងគាត់លោតលឿនខុសធម្មតា។ តែទោះយ៉ាងណា គាត់នៅតែចាំបាច់ត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ និងត្រួតពិនិត្យចង្វាក់បេះដូងតាមឧបករណ៍ EKG របស់មន្ទីរពេទ្យ ហើយបន្ទាប់មក គ្រូពេទ្យឱ្យគាត់ប្រើកងដៃ EKG មួយពាក់ជាប់ខ្លួន។
ទាក់ទងទៅនឹងរបាយការណ៍ថ្មីនេះ គេមិនដឹងថា Apple Watch ថ្ងៃអនាគតនោះ នឹងបង្ហាញវត្តមាននៅពេលណានោះទេ។ ហើយការពិតឬយ៉ាងណា គឺប្រិយមិត្តមានតែរង់ចាំតាមដានជាមួយ Post Tech បន្តទៀតបណ្តោះ៕
ប្រភពព័ត៌មានៈ 9to5mac
មតិយោបល់