ព័ត៌មានបច្ចេកវិទ្យា

ស្ងាត់ៗ Apple លុបកម្មវិធីផ្ញើសារដ៏ពេញនិយម Telegram ចេញពី App Store រួចទើបផ្ញើសារប្រាប់

ក្រុមហ៊ុន Apple បានលុបកម្មវិធី Telegram ចេញពីឃ្លាំងកម្មវិធី App Store របស់ខ្លួនកាលពីថ្ងៃម្សិលមិញ គឺភ្លាមៗក្រោយពីក្រុមហ៊ុន Telegram ប្រកាសចេញកម្មវិធី Telegram X សម្រាប់ប្រព័ន្ធ Android។

ចំពោះកម្មវិធី Telegram X ថ្មីៗនេះ ក៏បានដាក់សាកល្បងនៅលើប្រព័ន្ធ iOS ផងដែរ ហើយមិនយូរប៉ុន្មាន វាក៏ត្រូវបានលុបចេញពី App Store តែម្តង។

នាយកប្រតិបត្តិក្រុមហ៊ុន Telegram លោក Pavel Durov បានថ្លែងលើទំព័រ Twitter ផ្លូវការរបស់ខ្លួនថា៖ ក្រុមហ៊ុន Apple បានផ្តល់ដំណឹងឱ្យប្រយ័ត្នចំពោះ​”មាតិកាមិនសមរម្យ”ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ (iOS Devices) និងបានប្រាប់ថា កម្មវិធីទាំងពីរ (Telegram និង Telegram X) ត្រូវបានលុបចេញពី App Store ហើយ។

លោក Durov ថ្លែងបន្ថែមថា៖ «នៅពេលដែលយើងមានការការពាររួចរាល់ហើយ យើងរំពឹងថាកម្មវិធីទាំងពីរនឹងវិលត្រឡប់មកលើ App Store វិញ»។

ពាក់ព័ន្ធនឹងការលុបចេញនូវកម្មវិធីដែលមានអ្នកប្រើប្រាស់ជាង ២០០ លាននាក់នេះ គឺគេមិនប្រាកដថា តើនៅពេលណាវានឹងវិលមកក្នុង App Store វិញ ឬអ្វីទៅដែលជាមាតិកាមិនសមរម្យដែលបានរកឃើញនៅលើសេវាកម្មផ្ញើសារនេះនោះទេ។

យោងតាមលក្ខន្តិកៈមួយក្នុង App Store បានកំណត់ថា កម្មវិធីទាំងឡាយណាដែលផ្តល់សេវាកម្ម ឬបើកឱ្យអ្នកប្រើប្រាស់បង្កើតមាតិកាខ្វះក្រមសីលធម៌ផ្សេងៗដូចជាបង្ហោះមាតិកាអាសអាភាស ការជួញដូរមនុស្សដូចជាវត្ថុ និងការធ្វើឱ្យមានការគម្រាមកំហែងលើរូបរាងកាយមនុស្ស ជាដើម អាចនឹងត្រូវលុបចេញដោយគ្មានការផ្តល់ដំណឹង ឬព្រមានជាមុន។

ដោយយោងតាមលក្ខន្តិកៈខាងលើនេះ គេសង្ស័យថា ក្រុមហ៊ុន Telegram បានបើកទូលាយឱ្យអ្នកប្រើប្រាស់បង្កើតមាតិកាមិនសមរម្យទាំងនោះ ហើយត្រូវបានអ្នកប្រើប្រាស់ដទៃផ្សេងទៀតមិនពេញចិត្ត រួចក៏រាយការណ៍ទៅក្រុមហ៊ុន Apple ឱ្យបិទចោលក៏មិនដឹង៕

ប្រភពព័ត៌មានៈ techcrunchtheverge

មតិយោបល់