ប៉ូលិសនៅក្នុងប្រទេសប្រេស៊ីល បាននិយាយថា ឯកអគ្គរដ្ឋទូតក្រិក លោក Kyriakos Amiridis ត្រូវបានសម្លាប់ដោយមន្ត្រីប៉ូលិសក្នុងតំបន់ ដែលជាសាហាយជាមួយប្រពន្ធរបស់គាត់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។
លោក Kyriakos Amiridis បានបាត់ខ្លួនតាំងពីថ្ងៃចន្ទ ហើយសាកសពរបស់គាត់ ត្រូវបានរកឃើញនៅក្នុងរថយន្តដុតឆេះមួយ ស្ថិតនៅជាយទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍។
ប៉ូលិសបាននិយាយថា លោក Sergio Gomes Moreira បានសារភាពថា គាត់បានរឹតកសម្លាប់ឯកអគ្គរដ្ឋទូតក្រិក។
នៅខណៈនេះដែរ ប្រពន្ធ គឺលោកស្រី Francoise Amiridis ជាជនជាតិប្រេស៊ីល រួមនឹងប្អូនជីដូនមួយរបស់ឯកអគ្គរដ្ឋទូត ត្រូវបានឃុំខ្លួនហើយ។
សូមជម្រាបថា ឯកអគ្គរដ្ឋទូតក្រិក មានអាយុ ៥៩ ឆ្នាំ បានធ្វើដំណើរពីទីក្រុងប្រេស៊ីលីយ៉ា ទៅកាន់ទីក្រុង Nova Iguacu ស្ថិតនៅភាគខាងជើងនៃទីក្រុង Rio ដើម្បីចំណាយពេលថ្ងៃឈប់សម្រាកបុណ្យណូអែល នៅទីនោះ ជាមួយប្រពន្ធគាត់ និងឪពុកម្តាយរបស់នាង។ ប្តីប្រពន្ធពីរនាក់នេះ បានរស់នៅជាមួយគ្នាអស់រយៈពេល ១៥ ឆ្នាំមកហើយ ដោយពួកគេថែមទាំងមានកូនស្រីអាយុ ១០ ឆ្នាំម្នាក់ទៀត នេះបើយោងតាមរបាយការណ៍ក្នុងតំបន់៕
មតិយោបល់