ជប៉ុនៈ ប្រេសិតរបស់ចិនមួយរូប បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីទង្វើ រឹងរូសកាន់តែខ្លាំងឡើង របស់កូរ៉េខាងជើង ចំពោះកម្មវិធីអាវុធ ខណៈក្រុមកងទ័ពវាយប្រហារជើងទឹកអាមេរិក បានធ្វើដំណើរដោយនាវាផ្ទុកយន្តហោះ ឆ្ពោះមកកាន់ឧបទ្វីបកូរ៉េ ចំពេលដែលមានការព្រួយបារម្ភថា ក្រុងព្យុងយ៉ាង អាចនឹងត្រៀមសាកល្បងនុយក្លេអ៊ែរ នៅក្នុងខែនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។
នៅឆ្នាំនេះ កូរ៉េខាងជើង បានចង្អុលបង្ហាញម្តងហើយម្តងទៀត នូវការធ្វើតេស្តមីស៊ីលឆ្លងទ្វីបមួយ ដែលអាចបាញ់សាកល្បងជាថ្មីម្ដងទៀត នៅថ្ងៃទី១៥ ខែមេសានេះ ចំខួប ១០៥ឆ្នាំនៃស្ថាបនិករដ្ឋកុម្មុយនីស្ត ដែលក្រុងព្យុងយ៉ាង បានប្រារព្ធធ្វើវាជារៀងរាល់ឆ្នាំ។
ការប្រើសកម្មភាពយោធារបស់អាមេរិក ប្រឆាំងនឹងកូរ៉េខាងជើង ជាការឆ្លើយតបទៅនឹងការធ្វើតេស្តមីស៊ីល របស់ក្រុងព្យុងយ៉ាង បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានវាយប្រហារមីស៊ីលជាច្រើនគ្រាប់ ប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី នៅសប្តាហ៍មុន។ វិធានការនេះ គឺបានធ្វើទ្បើង បន្ទាប់មានការស្នើសុំពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងគោលបំណង ដើម្បីលុបបំបាត់ការគំរាមកំហែងអាវុធនុយក្លេអ៊ែរ របស់រដ្ឋាភិបាលកូរ៉េខាងជើង។
រដ្ឋាភិបាលក្រុងតូក្យូ បានឲ្យដឹងថា សកម្មភាពយោធាអាមេរិក គឺមិនអាចទប់ស្កាត់របបក្រុងព្យុងយ៉ាងនោះទេ ខណៈដែលកូរ៉េខាងត្បូង បាននិយាយថា ខ្លួនកំពុងផ្តោតលើការទប់ស្កាត់ និងត្រៀមខ្លួនប្រយុទ្ធរួចជាស្រេច។
ប្រភពពីមន្ត្រីក្រសួងការពារជាតិជប៉ុនម្នាក់ សុំមិនបញ្ចេញឈ្មោះ បានថ្លែងថា «វាប្រហែលជាមិនទាន់ប្រាកដ សម្រាប់អាមេរិកទេ ដើម្បីធ្វើការវាយប្រហារកូរ៉េខាងជើងតែម្នាក់ឯងនោះ»។ «ប្រសិនបើអាមេរិក បានលើកទ្បើងថា ត្រូវការប្រទេសទាំងពីរ គឺជប៉ុន និងកូរ៉េខាងត្បូង ចូលរួមការវាយប្រហារនេះ ទើបអាចនឹងបញ្ឈប់វាបាន» ៕

មតិយោបល់