អង់គ្លេសៈ នាយករដ្ឋមន្រ្តីលោកស្រី Theresa May បានប្រកាសពីគម្រោងផែនការ ដើម្បីស្នើឲ្យមានការបោះឆ្នោតសកលទូទៅ ក្នុងប្រទេសមុនពេលកំណត់ គឺនៅថ្ងៃទី ៨ ខែមិថុនាខាងមុខ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។
លោកស្រី May បាននិយាយថា «សម្រាប់តម្រូវការពេលនេះ ចក្រភពអង់គ្លេស គឺចង់បាននូវភាពច្បាស់លាស់ និងស្ថិរភាព ព្រមទាំងការដឹកនាំដ៏ខ្លាំងក្លាមួយ ដោយអនុឡោមទៅតាមការបោះឆ្នោតប្រជាមតិ ក្នុងការចាកចេញពីសហភាពអឺរ៉ុប»។
ការសម្រេចចិត្តបែបនេះ លោកស្រី May បានប្រាប់ឲ្យដឹងថា «ប្រទេសយើង ត្រូវដើរទៅមុខជាមួយគ្នា ប៉ុន្តែសភា Westminster របស់យើង ហាក់មិនស្របតាមទៅវិញ»។
លោក Jeremy Corbyn មេដឹកនាំគណបក្សពលករ ដែលជាបក្សប្រឆាំងនៅអង់គ្លេស បាននិយាយថា «គណបក្សលោក ចង់ឲ្យមានការបោះឆ្នោត ដើម្បីទទួលបានឱកាស ដឹកនាំរដ្ឋាភិបាលជាលើកដំបូងមួយ»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី May ធ្លាប់បានបដិសេធមិនចូលរួម ក្នុងការជជែកដេញដោលស្ដីពីមេដឹកនាំ តាមទូរទស្សន៍មុនពេលការបោះឆ្នោតទ្បើយ។
គួរបញ្ជាក់ដែរថា ការបោះឆ្នោតសកលទូទៅនៅអង់គ្លេស នឹងត្រូវធ្វើទ្បើងនៅថ្ងៃទី៧ ខែឧសភាឯណោះ ប៉ុន្តែដោយសារតែបញ្ហាខាងលើ បូករួមទាំងចង់ឲ្យធានានូវភាពច្បាស់លាស់ និងសន្តិសុខ ក្នុងប្រទេសនោះ លោកស្រី May បានសម្រេចចិត្តស្នើឲ្យមានការបោះឆ្នោតមុនពេលកំណត់ ដែលត្រូវយកទៅអនុម័ត នៅក្នុងសភាអង់គ្លេស នៅថ្ងៃពុធសប្តាហ៍នេះ៕
មតិយោបល់