កូរ៉េៈ រូបភាពផ្កាយរណបថ្មី បានបង្ហាញថា កូរ៉េខាងជើង អាចនឹងពង្រីកកម្មវិធីកាំជ្រួចមីស៊ីលបាលីស្ទិក (SLBM) សម្រាប់បើកដំណើរការបាញ់ចេញពីនាវាមុជទឹក ជាលើកទី២របស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។
តាមរយៈបណ្តាញអង្គការឃ្លាំមើលកូរ៉េខាងជើង ដែលរៀបចំដោយវិទ្យាស្ថានអាមេរិកនិងកូរ៉េខាងត្បូង របស់សាកលវិទ្យាល័យ Johns Hopkins បានកត់សម្គាល់នៅក្នុងការវិភាគរូបភាព ដែលត្រូវបានថតពីលើអាកាស ដោយផ្កាយរណប កាលពីថ្ងៃចន្ទថា នាវាមុជទឹក ដែលគេជឿថា សម្រាប់ដំណើរការកម្មវិធីមីស៊ីលនោះ ត្រូវបានប្រទះឃើញ នៅលើឆ្នេរភាគខាងលិចប្រទេសកូរ៉េខាងជើង។
របាយការណ៍ដដែល បានអះអាងថា កម្មវិធីមីស៊ីលនេះ នឹងត្រូវបញ្ជាដោយកងទ័ពជើងទឹក ក្នុងការធ្វើតេស្តមីស៊ីលនៅក្រោមទឹក ប៉ុន្តែមុនពេលបើកដំណើរការប្រព័ន្ធទាំងនេះ ត្រូវដំឡើងវានៅក្នុងនាវាមុជទឹកមួយ ដើម្បីកែប្រែបំពង់ និងប្រព័ន្ធបាញ់បង្ហោះសិន ៕
មតិយោបល់